បរទេសៈ ពេលខ្លះបបូរមាត់ស្ងួតមិនត្រឹមតែធ្វើឲ្យអ្នកបាត់បង់ភាពទាក់ទាញប៉ុណ្ណោះទេ ថែមទាំងអាចបង្ហាញថា រាងកាយរបស់អ្នកកំពុងតែខ្វះជាតិទឹកទៀតផង។ នៅពេលដែលបបូរមាត់ស្ងួត ឬប្រេះ អាចបណ្តោលឲ្យឈឺ ឬហូរឈាមក៏មាន។
ជាធម្មតាប្រសិនបើអ្នកបរិភោគផ្លែឈើណាដែលសម្បូរជាតិទឹកច្រើន គឺអាចដោះស្រាយស្ថានភាពនេះបាន។
ក៏ប៉ុន្តែប្រសិនបើបបូរមាត់របស់អ្នកឧស្សាហ៍ស្ងួត បានន័យថា រាងកាយរបស់អ្នកមិនបានផ្តល់សំណើមគ្រប់គ្រាន់ដល់បបូរមាត់ឡើយ។ ខាងក្រោមនេះ គឺជាហេតុផលមួយចំនួនដែលធ្វើឲ្យបបូរមាត់របស់អ្នកស្ងួត ឬប្រេះ៖
សីតុណ្ហភាព៖ នៅពេលដែលសីតុណ្ហភាពក្នុងរាងកាយកើនឡើងដោយសារតែជំងឺគ្រុន អ្នកនឹងជួបបញ្ហាខ្សោះជាតិទឹក។ នេះហើយជាមូលហេតុដែលបបូរមាត់ស្ងួត។
បញ្ហាក្អួត៖ នៅពេលដែលអ្នកក្អួតសារធាតុរាវជាច្រើន រួមទាំងទឹកក្នុងខ្លួននឹងត្រូវបាត់បង់។ លទ្ធផលស្បែករបស់អ្នកនឹងខ្សោះជាតិទឹក ហើយអាចនាំឲ្យបបូរមាត់ប្រេះ។
បញ្ហាសុខភាព៖ អ្នកដែលមានជំងឺទឹកនោមផ្អែម និងជំងឺដែលបង្កឡើងដោយមេរោគផ្សេងៗ អាចងាយនឹងខ្សោះជាតិទឹក ហើយបណ្តោលឲ្យបបូរមាត់ប្រេះកាន់តែអាក្រក់។
នោមញឹក៖ ការទទួលទានស្រាច្រើនពេក អាចបណ្តោលឲ្យអ្នកនោមញឹក ដែលធ្វើឲ្យជាតិទឹកនៅក្នុងខ្លួនត្រូវបានបណ្តេញចេញតាមទឹកនោមផងដែរ។ ហេតុនេះ បបូរមាត់នឹងចាប់ផ្តើមស្ងួតដោយសារតែខ្វះជាតិទឹក។
ជំងឺរាគរូស៖ ជំងឺរាគរូសក៏អាចនាំឲ្យបបូរាមាត់ស្ងួតផងដែរ។ នៅពេលដែលអ្នកកើតមានជំងឺរាគរូស ជាតិទឹកនៅក្នុងខ្លួននឹងបាត់បង់ច្រើន។ វិធីសាមញ្ញបំផុតត្រូវទទួលទានទឹកឲ្យបានច្រើនមកវិញ។
លិឌបបូរមាត់ញឹកពេក៖ មានមនុស្សជាច្រើនគិតថា ការលិឌបបូរមាត់ញឹកញាប់ គឺជួយឲ្យបបូរមាត់មានសំណើម។ តែទោះជាយ៉ាងណា ពួកគេមិនបានដឹងថា ទម្លាប់នេះបែរជាធ្វើឲ្យបបូរមាត់ស្ងួតកាន់តែខ្លាំងទៅៗនោះឡើយ។
អាកាសធាតុ៖ សីតុណ្ហភាពខ្ពស់ ឬទាប និងខ្យល់ត្រជាក់ អាចបណ្តោលឲ្យបបូរមាត់ស្ងួត។ នៅក្នុងស្ថានភាពបែបនេះ រាងកាយកំពុងព្យាយាមសម្របខ្លួន ដើម្បីផ្សាំបបូរមាត់ដែលកំពុងខ្សោះជាតិទឹក៕
មតិយោបល់