ព័ត៌មានកីឡា

Xavi ថា Mahrez មានសមត្ថភាពល្មមអាចលេងនៅ Barcelona បាន

Xavi វិរបុរសរបស់ក្រុម Barcelona បានបង្ហាញចំណាប់អារម្មណ៍ថាខ្សែបម្រើ Riyad Mahrez មានសមត្ថភាពគ្រប់គ្រាន់ក្នុងការទៅលេងនៅអេស្ប៉ាញបាន ប៉ុន្តែខ្លួនក៏សប្បាយចិត្តដែរពេលឃើញកីឡាករម្នាក់នេះបន្ដអនាគតនៅ Leicester City សិន។

Mahrez ត្រូវបានក្លឹបជាច្រើនទាក់ទងទិញ បន្ទាប់ពីជួយក្រុម Leicester City លើកបានលីគកំពូលអង់គ្លេសជាប្រវត្តិសាស្ត្រ។ យ៉ាងណាមិញ ទោះជាមានការទាក់ទងច្រើនយ៉ាងណាក្ដី ក៏កីឡាករវ័យ២៥ឆ្នាំរូបនេះ សម្រេចបន្ដជួយក្រុម Leicester មួយរដូវកាលនេះទៀតដែរ។

ដោយមើលឃើញយ៉ាងនេះហើយ Xavi ដែលលេងនៅ Barcelona តាំងពីតូចមកនោះ ជឿជាក់ថា Mahrez សមត្ថភាពប៉ុណ្ណឹងអាចទៅលេងនៅក្រុមអ្នកមានបុណ្យបានហើយ ព្រោះកីឡាកររូបនេះមានទាំងបច្ចេកទេស និងយល់ចិត្តមិត្តរួមក្រុមបានល្អ។

Mahrez

“Mahrez ល្មមអាចទៅលេងនៅ Barcelona បាន ប៉ុន្តែខ្ញុំក៏សប្បាយចិត្តចំពោះការសម្រេចចិត្តរបស់កីឡាកររូបនេះលេងនៅ Leicester City បន្ដទៀតដែរ។ គាត់មានការសម្រេចចិត្តដ៏ត្រឹមត្រូវមួយ ដែលនេះបង្ហាញពីការទទួលខុសត្រូវខ្ពស់”។ សម្ដីរបស់ Xavi ។

សូមបញ្ជាក់ថាវិរបុរស Barcelona វ័យ៣៦ឆ្នាំខាងលើនេះ ធ្លាប់ជួយក្លឹបលើកពានបានច្រើនមែនទែន ខណ:ដែលនៅជម្រើសជាតិអេស្ប៉ាញវិញ រូបគេក៏បានជួយក្រុមលើកពាន Word Cup ១ដង និង Euro បាន២ដងផងដែរ។ បច្ចុប្បន្ន Xavi លេងនៅក្លឹបAl Sadd របស់ប្រទេសកាតា៕

មតិយោបល់