ព័ត៌មានជាតិ

មនុស្ស៧នាក់ស្លាប់និងរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យៈគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តមួយគ្រឿងបើកលឿនខ្វះការប្រុងប្រយត្ន័ទៅបុកម៉ូតូមួយគ្រឿង​ដែលកំពុងបើកដោយស្ត្រីម្នាក់ បណ្តាលឲ្យធ្លាយពោះវៀនរបួសធ្ងន់ រួចរថយន្តបង្កបើកគេចខ្លួនទៅបុកជាមួយនឹងរថយន្តមួយគ្រឿងទៀត បណ្តាលឲ្យ​មនុស្ស៦នាក់ របួសធ្ងន់និងស្លាប់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៥និង១០នាទី ល្ងាចថ្ងៃ​ទី ២ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភោជនីយដ្ឋាន(ផ្លូវភ្លោះ) ផេង ហួ ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយ​មានជ័យ។

សមត្ថកិច្ចនគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ជនរងគ្រោះទាំង៧នាក់ដែលរងរបួសនិងស្លាប់ខាងលើនេះ ទី១ឈ្មោះ លីប ឆាយគីម ភេទស្រី អាយុ៣៤ឆ្នាំ ធ្លាយពោះរបួសធ្ងន់ ស្នាក់នៅភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។ ទី២ឈ្មោះតាន់ សុវណ្ណារិទ្ធ ភេទប្រុស អាយុ២៨ឆ្នាំ រងរបួសធ្ងន់​បាក់ភ្លៅ ។ទី៣ឈ្មោះស៊ីម សុខហៀង ភេទស្រី អាយុ២៨ឆ្នាំ ត្រូវជាប្រពន្ធស្លាប់នៅនឹងកន្លែងកើតហេតុ ។ ទី៤កូនស្រី អាយុ០៣ឆ្នាំរបួសធ្ងន់ មិនទាន់​ស្គាល់អត្តសញ្ញាណ ។ ទី៥ឈ្មោះ ផ្លែង ហែម ភេទស្រី អាយុ៥៩ឆ្នាំ របួសធ្ងន់ ។ ទី៦ឈ្មោះស៊ីម សំ ភេទប្រុស អាយុ៣៣ឆ្នាំ របួសធ្ងន់ ទី៧ឈ្មោះ​អឿន រ៉ាវី ភេទស្រី អាយុ៣២ឆ្នាំ រងរបួសធ្ងន់បាក់ភ្លៅ ។ អ្នកទាំង៦នាក់ រស់នៅភូមិព្រៃឬស្សី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្ត​បន្ទាយ​មានជ័យ។ ចំណែកអ្នកបើកបររថយន្តបង្កមានឈ្មោះ ជ្រែង សំណាង ភេទប្រុស អាយុ៣១ឆ្នាំ ស្នាក់នៅភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ។

ប្រភពដដែលបានបន្តថា មុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាក តូយូតាហាយប្រីត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Z-5199 បើកបរដោយបុរសម្នាក់តាមបណ្តោយផ្លូវខាងលើ លុះបានមកដល់ចំណុចកើតហេតុ ស្រាប់តែជ្រុលចង្កូតទៅបុកជាមួយនឹងម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1I-0252 កំពុងបើកបរដោយស្ត្រីម្នាក់ បណ្តាលឲ្យធ្លាយពោះវៀនរងរបួសធ្ងន់ ។ បន្ទាប់មករថយន្ត​បង្កមិន​បានឈប់នោះទេ គឺបានបន្តល្បឿនបើកគេចខ្លួន រហូតដល់ចំណុចលើស្ពានទឹកថ្លា ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ក៏ជួបគ្រោះថ្នាក់​ចរាចរណ៍មួយតង់ទៀត ដោយបានបើករថយន្តទៅបុកជាមួយនឹងរថយន្តម៉ាក CAMARY ពណ៌ស ស៊េរីឆ្នាំ១៩៩៣ ពាក់ស្លាកលេខ 2A-3178 បើកបរ​ដោយ​បុរសម្នាក់ រួមដំណើរជាមួយនឹងមនុស្ស៥នាក់ទៀតក្នុងរថយន្ត បណ្តាលឲ្យអ្នកទាំង៦នាក់ មាន៥នាក់រងរបួសធ្ងន់ និងម្នាក់ទៀតស្លាប់​នៅនឹង​កន្លែង ។ ចំណែករថយន្តទាំង២គ្រឿងរងការខូចខាតយ៉ាងដំណំ ។

ក្រោយពីហេតុការណ៍នេះបានកើតឡើង សមត្ថកិច្ចនគរបាលចរាចរណ៍មូលដ្ឋានបានចុះមកធ្វើការពិនិត្យនិងវាស់វែងដល់កន្លែងកើតហេតុ ដោយបាន​អន្តរាគមន៍​ហៅរថយន្តសង្គ្រោះមកដឹកជនរងគ្រោះទាំង៦នាក់ យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន។ ចំណែករថយន្តទាំង២​គ្រឿង រួមនិងម៉ូតូ យកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់ រីឯសាក​សពជនរងគ្រោះប្រគល់ទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕

គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍

មតិយោបល់