ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

តាមប្រសាសន៍នាយករដ្ឋមន្ត្រី ចាប់ឡានកាត់ទ្រុងមុនឲ្យចរាចរលើផ្លូវ បានជាង២០០គ្រឿង

ភ្នំពេញៈ ក្រុមការងារថ្នាក់ជាតិរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានបើកប្រតិបត្តិការដូចភ្លៀងរលឹមចាត់វិធានការក្ដៅទៅលើអ្នកបើកបរ និងម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ដែលបានកែច្នៃរថយន្តឲ្យខុសលក្ខណៈបច្ចេកទេស ដើម្បីដឹកទំនិញបានកាន់តែច្រើន។ ការកាត់តទ្រុង ឬកែច្នៃរថយន្តឲ្យខុសលក្ខណៈបច្ចេកទេស ដើម្បីបង្កើនការផ្ទុកទំនិញនេះ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់និរន្តភាពនៃផ្លូវថ្នល់ និងបង្កគ្រោះថ្នាក់ផ្សេងៗយ៉ាងច្រើននាពេលកន្លង ហើយប្រមុខរដ្ឋាភិបាល ក៏តែងក្រើនរំឭក និងព្រមានជាច្រើនលើកច្រើនសារផងដែរ ប៉ុន្តែហាក់គ្មានប្រសិទ្ធភាព។

ជាក់ស្ដែង វិធានការក្ដៅរបស់ក្រសួងសាធារណការ ក្រោមការដឹកនាំរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្នុងរយៈពេលតែជាង១០ថ្ងៃ នៅស្រុកឆ្លូង និងស្រុកស្នួល ខេត្តក្រចេះ បានចាប់ និងកាត់ទ្រុងរថយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសចំនួន២០៥គ្រឿង។ ប្រតិបត្តិការនេះ ធ្វើឡើងចាប់ពីថ្ងៃទី២៦ ខែវិច្ឆិកា ដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦ ហើយក្រសួងសន្យានឹងបន្តប្រតិបត្តិការក្ដៅនេះឲ្យដូចភ្លៀងរលឹមនៅគ្រប់ខេត្តទូទាំងប្រទេស។ នេះបើតាមក្រសួងសាធារណការ ចេញផ្សាយកាលពីថ្ងៃម្សិលមិញ។

នាពេលកន្លងទៅថ្មីៗនេះ ប្រមុខរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដាក់បទបញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់វិធានការក្ដៅចំពោះអ្នកបើកបរ និងម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនលើសទម្ងន់កំណត់ ដែលបំផ្លាញផ្លូវសាធារណៈ។ សម្ដេចថា «ប្រមូលឡានតទ្រុង ដែលបំផ្លាញផ្លូវ ដើម្បីកាត់ទ្រុង ឬរក្សាទុកមិនឲ្យចរាចរ លុះត្រាកាត់ទ្រុងឲ្យត្រឹមត្រូវសិន»

សូមស្តាប់ប្រសាសន៍ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងកម្មវិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ផ្លូវជាតិលេខ៧៦ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ ដូចខាងក្រោម៖

បើតាមក្រសួងសាធារណការ ក្រុមការងារត្រួតពិនិត្យយានយន្ត កែច្នៃខុសលក្ខណៈបច្ចេកទេស ខេត្តក្រចេះ បានធ្វើការចុះត្រួតពិនិត្យនៅលើទីតាំងមួយចំនួន ហើយទទួលបានលទ្ធផលដូចខាងក្រោម៖

ទី១- ទីតាំងផ្លូវជាតិលេខ៧៣ ស្រុកឆ្លូង ចាប់ពីថ្ងៃទី២៦ ខែវិច្ឆិកា ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៦ បានត្រួតពិនិត្យរថយន្តសរុប១៥៩គឿង ក្នុងនោះ៖

– ម្ចាស់បានកាត់ដោយស្ម័គ្រចិត្ត ចំនួន១១៧គ្រឿង

– កាត់ទ្រុងតាមកិច្ចសន្យា ចំនួន៣០គ្រឿង

– ឃាត់រថយន្ត កាត់នៅកន្លែងត្រួតពិនិត្យ ចំនួន១២គ្រឿង។

ទី២- ទីតាំងផ្លូវជាតិលេខ៧ មុខសាលាស្រុកស្នួល ចាប់ផ្តើមថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦ បានត្រួតពិនិត្យសរុប ៤៦គ្រឿង ក្នុងនោះ៖

– ម្ចាស់កាត់ដោយភ្ញាក់រឭក ចំនួន៤៣គ្រឿង

– ឃាត់កាត់នៅកន្លែង ចំនួន៣គ្រឿង។

ជាមួយគ្នានេះ ក្រុមការងារថ្នាក់ក្រោមជាតិរបស់ក្រសួង សន្យានឹងបន្តអនុវត្តការងារនេះទៅមុខជានិច្ចដូចភ្លៀងរលឹម ហើយក្រសួងសាធារណការ និងដឹកជញ្ជូន ក៏សូមធ្វើការអំពាវនាវដល់អ្នកបើកបរ និងម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ មេត្តាចូលរួមដឹកជញ្ជូនឲ្យបានត្រឹមត្រូវតាមច្បាប់កំណត់ មិនលើសទម្ងន់ និងមិនកែច្នៃខុសលក្ខណៈបច្ចេកទេស ធ្វើយ៉ាងណាសំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងការខូចខាតផ្លូវថ្នល់សាធារណៈ៕

មតិយោបល់