ព័ត៌មានបច្ចេកវិទ្យា

Facebook នឹងចេញមុខងារ Live 360 នៅថ្ងៃស្អែក

ក្រុមហ៊ុន Facebook នៅថ្ងៃស្អែកនេះ នឹងចេញមុខងារផ្សាយបន្តផ្ទាល់វីដេអូរង្វង់ ៣៦០ ដឺក្រេ ឬហៅថា Live 360 បន្ទាប់ពីក្រុមហ៊ុនបានធ្វើបទឧទ្ទេសនាមមុខងារធំបំផុតមួយនេះជាមួយមុខងារ Live កាលពីពេលកន្លងទៅ។

តាមរយ:មុខងារថ្មីនេះ អ្នកប្រើប្រាស់ Facebook អាចទស្សនាវីដេអូផ្សាយបន្តផ្ទាល់ ថតចេញពីកាមេរ៉ាប្រភេទ ៣៦០ ដឺក្រេ តាមពេលវេលាពិតជាក់ស្តែងណាមួយ ដោយការអូសលើផ្ទៃអេក្រង់ទៅឆ្វេង/ស្តាំ ឬឡើងលើ/ចុះក្រោម ឬក៏បែរទូរស័ព្ទចុះឡើង។ មុខងារ Live 360 នឹងចាប់ផ្តើមដាក់ចេញចាប់ពីម៉ោង ១២ យប់ ថ្ងៃទី ១៣ (ម៉ោងក្នុងតំបន់) ជាមួយការផ្សាយបន្តផ្ទាល់នៅលើទំព័រ Facebook របស់ National Geography ពីស្ថានីយ៍ Mars Desert Research Station ក្នុងរដ្ឋ Utah ជាទីដែលក្រុមអ្នកវិទ្យាសាស្រ្ត ៨ រូប បានចំណាយពេលចំនួន ៨០ ថ្ងៃ រស់នៅក្នុងបន្ទប់យានមួយដែលចម្លងគំរូយានក្នុងខ្សែភាពយន្ត Martian។

Live 360 មិនទាន់បើកសម្រាប់អ្នកប្រើប្រាស់ទូទៅនៅឡើយទេ គឺវានឹងមានតែនៅលើទំព័រ Facebook មួយចំនួន នៅប៉ុន្មានខែខាងមុខទៀត តាមរយ: Live API ប៉ុណ្ណោះ ហើយសម្រាប់ទំព័រ Facebook និងគណនី Facebook ផ្សេងៗទៀត នឹងចេញនៅឆ្នាំក្រោយ៕

ប្រភពព័ត៌មាន៖ thenextweb

មតិយោបល់