ភ្នំពេញ: អ្នកអង្គម្ចាស់បុត្រី ព្រះនរោត្តមសីហនុ ព្រះរាមនរោត្តម បុប្ផាទេវី បានសម្រចព្រះទ័យលាលែង ពីសមាជិកព្រឹទ្ធសភា ហើយត្រូវបានរដ្ឋសភាជាតិ លើកយកមកប្រជុំសម្រេចនៅព្រឹកថ្ងៃនេះក្រោមអធិបតិភាព សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នាវេលាម៉ោង ៩:០០ នាទីព្រឹក ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៦នេះ នៅវិមានរដ្ឋសភា។
កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យ និងអនុម័ត របៀបវារៈចំនួនបីរួមមាន៖ ទី១. ការពិនិត្យលើសំណើសុំជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៣ ចំនួន១រូប ជំនួសសម្តេចរាជបុត្រីព្រះនាម នរោត្តម បុប្ផាទេវី ដែលបានសុំលាលេង។
ទី២. ការពិនិត្យលើសំណើសុំអនុម័តនូវសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃកម្ពុជា និងរដ្ឋាភិបាលហុងគ្រី ស្តីពីការជំរុញ និងការការពារទៅវិញទៅមកនៃកាវិនិយោគ។
ទី៣. ការពិនិត្យលើសំណើសុំអនុម័តនូវសេចក្តីព្រាងច្បាប់ ស្តីពីយុត្តិធម៌អនីតិជន។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីនាយកដ្ឋានព័ត៌មាននៃ អគ្គលេខាធិការដ្ឋានរដ្ឋសភា។
នៅក្នុងកិច្ចប្រជុំព្រឹកនេះ ដឹកនាំដោយ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ក្រៅពីនោះ ក៏មានប្រធានគណៈកម្មការមកពី គណបក្សសង្រ្គោះជាតិចំនួនពីររូប គឺលោក អេង ឆៃអ៊ាង និងលោកស្រី កែ សុវណ្ណរតន៍ ចូលរួមផងដែរ ចំណែកឯគណៈកម្មការបីរូប ជំនួសដោយ ប្រធានមកពី គណបក្សប្រជាជនកម្ពុជាផងដែរ៕
មតិយោបល់