ភ្នំពេញៈ ប្រជាពលរដ្ឋរស់នៅក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ រាជធានីភ្នំពេញ ដែលមិនមានពាក់ព័ន្ធទំនាស់ដីធ្លី អាចចាប់ផ្ដើមទៅដាក់ពាក្យស្នើសុំធ្វើប័ណ្ណសម្គាល់កម្មសិទ្ធិដីបានពីមន្ទីររៀបចំដែនដី នគរូបណីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
សេចក្ដីជូនដំណឹងរបស់មន្ទីររៀបចំដែនដីរាជធានីភ្នំពេញ ចុះថ្ងៃទី៣ ខែឧសភាម្សិលមិញ ដែល Post News ទទួលបាននៅមុននេះបន្តិច បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជាម្ចាស់ដីនៅក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវថា ចាប់ពីថ្ងៃចេញប្រកាសនេះទៅ មន្ទីររៀបចំដែនដី នគរូបណីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ នឹងរៀបចំនីតិវិធីផ្ដល់ប័ណ្ណសម្គាល់កម្មសិទ្ធិជូនម្ចាស់ដីឡូតិ៍ មានទីតាំងដីក្នុងតំបន់អភវិឌ្ឍន៍ឫស្សីកែវ ដែលមិនពាក់ព័ន្ធទំនាស់។
សេចក្ដីជូនដំណឹងបញ្ជាក់ថា ដើម្បីឲ្យការងារនេះដំណើរការបានទាន់ពេលវេលា ប្រជាពលរដ្ឋដែលជាម្ចាស់ដីខាងលើ អាចយកឯកសារពាក់ព័ន្ធនឹងការកាន់កាប់ដីក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ ដែលចេញដោយគណៈកម្មាធិការប្រជាជនរដ្ឋធានីភ្នំពេញ មកដាក់ពាក្យស្នើសុំចុះបញ្ជីដីនៅការិយាល័យរៀបចំដែនដី នគរូបណីយកម្ម សំណង់ និងភូមិបាលខណ្ឌឫស្សីកែវ៕
មតិយោបល់