ភ្នំពេញៈ ទីតាំងសម្រាប់ប្ដូរប័ណ្ណបើកបរមួយថ្មីទៀត ដែលក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងដាក់ឲ្យបម្រើដល់ការប្ដូរប័ណ្ណបើកបរថ្មីនៅផ្សារទំនើបអ៊ីអន (AEON) ត្រូវបានក្រសួងប្រកាស នៅល្ងាចថ្ងៃទី៤ ខែឧសភានេះថា នឹងចាប់ផ្ដើមដំណើរការនៅដើមខែមិថុនា ឆ្នាំ២០១៦ខាងមុខនេះ។
នៅក្នុងកិច្ចប្រជុំប្រចាំសបា្តហ៍ កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានពិភាក្សាអំពីការវិវឌ្ឍនៃដំណើរការរៀបចំ ទីតាំងប្តូរប័ណ្ណបើកបរ នៅផ្សារទំនើបអ៊ីអន (AEON) ដែលក្រសួងគ្រោងនឹងដាក់ដំណើរការនៅដើមខែមិថុនា ឆ្នាំ២០១៦ខាងមុខនេះ។
កិច្ចប្រជុំនេះ បានធ្វើការសិក្សារៀបចំប្រព័ន្ធស័្វយប្រវត្តិកម្ម ក្នុងការចុះបញ្ជីប័ណ្ណបើកបរ, ការចុះបញ្ជីយានយន្ត, និងការត្រួតពិនិត្យបច្ចេកទេសយានយន្ត ដើម្បីធ្វើឲ្យប្រសើរឡើងដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។
ប្រព័ន្ធនេះ នឹងក្លាយជាទៅជាគន្លឹះដោះស្រាយបញ្ហា ក្នុងការជំរុញឲ្យមានតម្លាភាព សន្សំពេលវេលា និងកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋចំពោះសេវាសាធារណៈ ដែលផ្តល់ដោយក្រសួងសាធារណការ និងដឹកជញ្ជូន។
លោកទេសរដ្ឋមន្រ្តី បានជំរុញក្រុមការងារ ដែលទទួលបន្ទុកឲ្យដាក់បន្ថែមសេវាត្រួតពិនិត្យបច្ចេកទេសយានយន្ត ដល់ថ្នាក់ខេត្តបន្ថែមទៀត ដើម្បីបង្ខិតសេវា ឲ្យទៅជិតប្រជាពលរដ្ឋ ដែលវានឹងជួយសម្រួលដល់ម្ចាស់យានយន្តទាំងអស់ ក្នុងការស្នើសុំសេវាត្រួតពិនិត្យបច្ចេកទេសយានយន្ត នៅទីតាំងក្នុងខេត្តរបស់ខ្លួន ឬនៅខេត្តជិតៗនោះ។
ឯកឧត្តមទេសរដ្ឋមន្រ្តីបានបន្ថែមថា សកម្មភាពទាំងនេះ គឺជាផ្នែកមួយនៃផែនការ១០០ថ្ងៃ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
កិច្ចប្រជុំនាថ្ងៃនេះដែរ ក៏បានពិភាក្សាអំពីរបាយការណ៍សំណូមពរ និងមតិយោបល់របស់សាធារណជន ព្រមទាំងដំណោះស្រាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលឆ្លុះបញ្ចាំងពីគោលនយោបាយថ្នាក់ជាតិ របស់រាជរដ្ឋាភិបាល ទាក់ទងនឹងវិស័យសាធារណការ និងដឹកជញ្ជូន៕
មតិយោបល់