ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

យោធាថៃ និងពលករខ្មែរ ចូលទៅកាប់ឈើ២៩នាក់ បាញ់គ្នាមួយប៉្រាវ នៅខេត្តស្រះកែវ

ថៃ: ពលករខ្មែរចំនួន២៩នាក់ ក្នុងចំណោមពលករទាំង៦០នាក់ ត្រូវបានក្រុម
តម្រួតថៃ សហការជាមួយនឹងយោធាថៃ ថែមទាំងអង្គភាពជំនាញ ធ្វើការឃាត់ខ្លួន ខណៈដែលពួកគេធ្វើដំណើរចាកចេញពី កន្លែងកាប់ឈើគ្រញូង ក្នុងតំបន់ព្រៃឧទ្យានជាតិរបស់ប្រទេសថៃ ព្រមទាំងមានការផ្ទុះអាវុធជាច្រើនគ្រាប់តដៃគ្នាផង។

យោងសេចក្តីរាយការណ៍ពិប្រទេសថៃ បានឲ្យ Post News ដឹងថា នៅល្ងាចថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៦ ក្រោយពីទទួលបាននូវព័ត៌មាន ស្តីពីការលបលួចកាប់ឈើគ្រញូងនៅក្នុងតំបន់ឧទ្យានជាតិ ថាប់ឡាន គឺត្រង់ចំនុចបរិវេណ បានកែងយ៉ៃ និងបានប៊ុ ៥០០ ស្ថិតក្នុងភូមិ១២ ឃុំកែងឌិនស ស្រុកណាឌី ខេត្តប្រាជីនបុរី ប្រទេសថៃ រួចមក កំម្លាំងតម្រួតថៃ បានសហការជាមួយនឹងកំលាំងយោធា ព្រមទាំងអង្គភាពជំនាញ បានធ្វើការដាក់ពង្រាយកំម្លាំង នៅខាងក្រៅតំបន់ឧទ្យានជាតិ ដើម្បីឃាត់ខ្លួនមនុស្សដែលបាន លបចូលទៅកាប់ឈើគ្រញូងក្នុងតំបន់នេះ ។

សេចក្តីរាយការណ៍បានបន្តថា នៅពេលនោះដែរក៏ស្រាប់តែឃើញ កំម្លាំងក្រុមយុវជនជាច្រើននាក់បានធ្វើដំណើរចាកចេញពីក្នុងតំបន់នេះ ដោយម្នាក់ៗមានសម្ភារៈសម្រាប់កាត់ឈើ ហើយថែមទាំងមានអាវុធសម្រាប់ ធ្វើសឹកសង្គ្រាមគ្រប់ដៃផង ដោយពួកគេគ្រាន់តែក្រលេកឃើញសមត្ថកិច្ចភ្លាម ស្រាប់តែមានយុវជនម្នាក់បានបាញ់សំដៅមកលើកំម្លាំងតែម្តង ដែលធ្វើឲ្យកំលាំងដែល កំពុងត្រូវបានដាក់ពង្រាយផងនោះ បានធ្វើការបាញ់តបតវិញ ធ្វើឲ្យស្នូរផ្ទុះអាវុធនេះលាន់ឮកងរំពងពេញព្រៃ ។

ភ្លាមៗនោះដែរកំម្លាំងសមត្ថកិច្ចថៃ បានឃាត់ខ្លួនមនុស្សចំនួន១៨នាក់ ដែលអ្នកទាំងនោះ សុទ្ធតែជាពលករខ្មែរទាំងអស់ ដោយឡែកកំម្លាំងមួយចំនួន នៅតែបន្តធ្វើការតាមប្រមាញ់ រហូតឃាត់បានមនុស្សចំនួន១១នាក់ បន្ថែមទៀត ក្នុងនោះមានជនជាតិថៃម្នាក់ជាអ្នក បើលបររថយន្តដឹកពលករខ្មែរទាំងនេះ និង១០នាក់ទៀតជាពលករខ្មែរ សរុបទាំងអស់ គឺមានចំនួន២៩នាក់ ។

ពលករខ្មែរម្នាក់ឈ្មោះ ណា វណ្ណា បាននិយាយសារភាពតាមត្រង់ថា ពួកគេទាំងអស់ មានគ្នាចំនួន៦០នាក់ ដែលត្រូវបានគេជួលមក ដោយគេបោកថាចូលទៅកាប់ដើម ប្រេងខ្យល់ ដោយឲ្យតម្លៃក្នុងមួយដើម២០០បាត ពេលអូសចេញពីក្នុងព្រៃមកដល់ក្រៅ ដោយគេបានបែងចែកជាពីរក្រុម ក្នុងមួយក្រុមមានគ្នា៣០នាក់ ហើយក្រុមមួយជាអ្នកកាត់ឈើ ឯក្រុមមួយទៀតជាអ្នកជញ្ជូនឈើចេញ ពីក្នុងព្រៃមកខាងក្រៅ តែធាតុពិត គឺគេនាំឲ្យចូលមកកាប់ឈើគ្រញូងសោះ ។

ពលកររូបនេះបានឲ្យដឹងទៀតថា ការលបចូលមកក្នុងទឹកដីថៃ គឺតាមច្រកក្នុងស្រុកអារញ្ញ ខេត្តស្រះកែវ ក្នុងពេលរំលងអាធ្រាត ដោយមានរថយន្តនៅចាំដឹកផង ហើយពួកគេបានមករស់នៅក្នុងព្រៃនេះ ចំនួន១៤ថ្ងៃមកហើយ ដោយរង់ចាំរថយន្តមកទទួលវិលត្រឡប់ទៅវិញ ព្រោះឈើគ្រញូងត្រូវបានគេដឹកចេញចំនួន៣ឡាន រួចផុតមកហើយនៅប៉ុន្មានថ្ងៃមុន ។

ដោយឡែកអ្នកបើកបររថយន្ត ដែលជាជនជាតិថៃឈ្មោះ សុំយ៉ុត មូលខនបុរី អាយុ៣៩ឆ្នាំ រស់នៅខេត្តស្រះកែវបាននិយាយថា រូបគេត្រូវបានគេជួលឲ្យមកទទួលកម្មករកាប់ឈើ ទាំងអស់វិលត្រឡប់ទៅព្រំដែនកម្ពុជាវិញ ក្នុងមួយជើងគេឲ្យតម្លៃ ៣០០០បាត តែឥឡូវត្រូវបានឃាត់ខ្លួនទៅហើយ ។

បច្ចុប្បន្នកម្មករសុីឈ្នួលកាប់ឈើទាំងអស់ ត្រូវបានកំម្លាំងជំនាញនាំយកទៅសាកសួរ ហើយដើម្បីតាមស្វែងរកមេក្លោងធំ ដែលមានលុយហើយតែងតែជួលដល់កម្មករក្រីក្រ ឲ្យលបចូលមកប្រព្រឹត្តនូវបទល្មើសបែបនេះ៕

photo_2016-05-05_08-00-40

មតិយោបល់