ភ្នំពេញៈ ប្រទេសជប៉ុន បានអះអាងជាថ្មីក្នុងការបន្តប្ដេជ្ញា ជួយគាំទ្រការកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ឡើងវិញ។ ការអះអាងពីភាគីជប៉ុន នៅពេលនេះ ធ្វើឡើងនៅក្នុងកិច្ចជំនួបពិភាក្សារវាងលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយលោក គូម៉ាម៉ារ៉ូ យូជិ ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៦ នៅទីស្ដីការក្រសួង។
នៅក្នុងជំនួបពិភាក្សាអំពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការបន្ត លើគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ នៅកម្ពុជា កាលពីម្សិលមិញ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានសម្តែងការកោតសរសើរ យ៉ាងជ្រាលជ្រៅចំពោះគម្រោងហេដ្ឋារចនាសម្ព័ន្ ធជាច្រើនរបស់រដ្ឋាភិបាលជប៉ុន នៅប្រទេសកម្ពុជា។
លោកថា គម្រោងហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋាភិបាលជប៉ុន មានដូចជា ការសាងសង់ផ្លូវជាតិលេខ១ និងលេខ៥, ស្ថានីយ៍ពហុបំណងថ្មី, ការតភ្ជាប់ស្ពានជ្រោះចង្វាឡើងវិញ ការធ្វើឲ្យប្រសើរនូវកំពង់ផែស្វយ័តក្រុងព្រះសីហនុ, ការសិក្សាអំពីលទ្ធភាពអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវដែករថភ្លើងអាកាស និងការកសាងស្ថានីយ៍ផ្សេងទៀត ដើម្បីដោះស្រាយបញ្ហាដឹកជញ្ជូននៅកម្ពុជា។
ក្នុងឱកាសនោះដែរ លោក គូម៉ាម៉ារ៉ូ យូជិ បានថ្លែងប្រាប់លោកទេសរដ្ឋមន្ត្រីថា ជប៉ុន ប្តេជ្ញាចិត្ត ក្នុងការបន្តការគាំទ្រ និងកិច្ចសហប្រតិបត្តិការរបស់ខ្លួន ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយកសាងហេដ្ឋារចនាសម្ព័ន្ធ នៅកម្ពុជាឡើងវិញ។ ជាមួយគ្នានេះ លោកបានក៏សម្តែងឆន្ទៈគាំទ្រ ដល់ការផ្តួចផ្តើមរបស់ក្រសួងឡើងវិញផងដែរ៕
មតិយោបល់