ភ្នំពេញ: ខណៈដែលទិវាដឹងគុណម្ដាយពិភពលោក នឹងឈានមកដល់នៅថ្ងៃទី៧ ឧសភានេះ តារាល្បីឈ្មោះលោកសាវិន ហ្វីលីព ក៏ត្រូវគេឃើញដុតដៃដុតជើងផលិតវីដេអូអប់រំបង្ហាញពីទឹកចិត្តរបស់ម្ដាយដើម្បីអបអរទិវានេះ យកមកបង្ហាញផងដែរ។ នេះជាលើកទី១ដែលលោកសម្រេចចិត្តចំណាយថវិការបស់មូលនិធិសាវិនផលិត ក្នុងបំណងរំលឹកដល់គុណរបស់ម្ដាយនៅទូទាំងពិភពលោក និងដើម្បីផ្ញើសារឲ្យកូនៗទាំងអស់បានស្គាល់ និងយល់ពីការលះបង់របស់ម្ដាយគ្រប់រូប។
លោកមានជំនឿថាវីដេអូដែលលោកបានបង្កើតមានរយៈពេល៦នាទី ដោយខ្លឹមសារសំខាន់នៅក្នុងវីដេអូគឺអប់រំឲ្យស្គាល់ពីតម្លៃតស៊ូរបស់ម្ដាយ និងពីទឹកចិត្តរបស់ម្ដាយទាំងអស់ ទើបលោករំពឹងក្រោយការដាក់បង្ហោះនៅហ្វេសប៊ុក និង Youtube នៅថ្ងៃទី៧ ឧសភាខាងមុខ នឹងមានការចាប់អារម្មណ៍ច្រើន។
លោកថាការផលិតវីដេអូនេះ ក៏នឹងជាបទពិសោធន៍ថ្មីមួយក្នុងការផលិតវីដេអូខ្នាតខ្លី និងដើម្បីចែករំលែកដល់យុវវ័យកាន់តែច្រើន ឲ្យស្គាល់ថាអ្វីជាគុណម្ដាយ និងដើម្បីតម្រូវផ្លូវរបស់កូនៗឲ្យស្គាល់ពីកាតព្វកិច្ចចំពោះម្ដាយ នៅពេលម្ដាយនៅមានជីវិតនោះផង។
លោកថាទាំងប្រពន្ធរបស់លោកដែលជាតួសម្ដែង និងកូនប្រុសស្រីរបស់លោកសុទ្ធតែប្រឹងអស់ពីសមត្ថភាពក្នុងការសម្ដែងមួយរឿង ដោយគោលបំណងនៃការប្រឹងប្រែងចង់ទទួលបានផ្លែផ្កាតែមួយ គឺផ្ញើសារឲ្យដល់យុវវ័យគ្រប់រូបឲ្យបង្កើនការយកចិត្តទុកដាក់ចំពោះម្ដាយ និងដឹងពីទុក្ខធុរៈរបស់ម្ដាយ ដោយមិនរង់ចាំទាល់តែបាត់បង់ម្ដាយ ទើបធ្វើអំពើល្អ។
យ៉ាងណាក៏ដោយលោកថា ការគោរព និងដឹងគុណម្ដាយ គឺមិនមែនគ្រាន់តែផ្ដល់ការគោរពចំពោះម្ដាយនៅថ្ងៃទិវាម្ដាយ (Mother’s day) តែមួយថ្ងៃនោះទេ គឺត្រូវដឹងគុណរាល់ថ្ងៃ ទើបជាភាពកាត្តញូក្នុងនាមជាកូនម្នាក់ដែលស្គាលខុសត្រូវ។
ខាងក្រោមនេះជាទិដ្ឋភាពមួយចំនួនក្នុងឈុតអប់រំរបស់លោកសាវិន ហ្វីលីព ដែលគ្រោងនឹងដាក់បង្ហោះនៅថ្ងៃទី៧ ឧសភា អបអរទិវាគុណម្ដាយ ដើម្បីជាសារចំពោះយុវវ័យពីការលះបង់របស់អ្នកម្ដាយគ្រប់រូប៖
មតិយោបល់