កណ្ដាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ០៨ និង ០០នាទី មានករណីគំរាមកំហែងថានឹងសម្លាប់នៅចំណុចផ្ទះរបស់ឈ្មោះ អោម សារ៉ាត់ ស្ថិតក្នុងភូមិព្រែកតាឡៃ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះ អោម សារ៉ាត់ ភេទស្រី អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រែកតាឡៃ ឃុំព្រែកអំបិលស្រុកស្អាង ខេត្តកណ្ដាល (ត្រូវជាម្ដាយបង្កើត) ។ ជនសង្ស័យ (ឃាត់ខ្លួន) ខាត់ ផាន់ ហៅ ទី ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិព្រែកតាឡៃ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល (ត្រូវជាកូនបង្កើត) ។
វត្ថុតាងចាប់យក៖
១. កាំបិតបុ័ងតោង ចំនួន១ ផ្លែដែក ដងឈើ
២. កាំបិតផ្គាក់ ចំនួន០១ ផ្លែដែក ដងឈើ ។
កន្លងមកជនសង្ស័យ នៅពេលប្រើប្រាស់គ្រឿងញៀនរួច តែងតែរករឿង សម្លុត និងគំរាមកំហែង ទៅលើជនរងគ្រោះឈ្មោះ អោម សារ៉ាត់ ត្រូវជាម្ដាយជាញឹកញ៉ាប់ ។ នៅមុនថ្ងៃកើតហេតុ ជនសង្ស័យបានមានជម្លោះជាមួយគេផ្សេង ហើយបានយកកាំបិតផ្គាក់ យកទៅដេញកាប់គេម្ដងរួចមកហើយ ហើយបានសំងំដេកនៅក្នុងផ្ទះ ។
លុះព្រឹកឡើងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ០៨ និង ០០នាទី ជនសង្ស័យបានសុំលុយជនរងគ្រោះជាម្ដាយចំនួន ៣០ម៉ឺនរៀល ដើម្បីចេញពីផ្ទះ តែដោយជនរងគ្រោះគ្មានលុយអោយខ្លួន ស្រាប់តែជនសង្ស័យខឹង បានធ្វើសកម្មភាពបោកចាន ឆ្នាំងដែលនៅក្នុងផ្ទះខ្ទេចខ្ទីអស់ និងបានយកកាំបិតប៉័ងតោ យកមកគំរាមចង់អារកសម្លាប់ជនរងគ្រោះជាម្ដាយថែមទៀតផង ។
ដោយទ្រាំនឹងទង្វើរបស់កូនខ្លួនមិនបាន ជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹង នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែកអំបិល អោយជួយអន្ដរាគមន៍ ។
ក្រោយពីទទួលបានពាក្យបណ្ដឹង របស់ជនរងគ្រោះខាងលើភ្លាម កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែកអំបិល សហការជាមួយកម្លាំងប្រជាការពារ បានចុះទៅដល់កន្លែងកើតហេតុ ហើយបានធ្វើការឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាង មកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕
មតិយោបល់