ឥណ្ឌូណេស៊ី: រដ្ឋាភិបាលក្រុងចាកាតា បានឲ្យដឹងថា ខ្លួននឹងបន្ថែមការយាមល្បាតនៅក្នុងដែនទឹកនៅជុំវិញបណ្ដុំកោះតូចៗក្នុងសមុទ្រចិនខាងត្បូង ដើម្បីបណ្ដេញនាវានេសាទចិនចេញពីតំបន់នោះ។ នេះយោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦។
ក្រុមអ្នកវិភាគនិយាយថា ការធ្វើដូច្នេះ ធ្វើឲ្យទំនាក់ទំនងសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូណេស៊ីជាមួយប្រទេសចិនប្រឈមនឹងហានិភ័យ ប៉ុន្តែធ្វើឲ្យប្រទេសឥណ្ឌូណេស៊ីទទួលបានផលប្រយោជន៍នៅក្នុងជម្លោះនោះ ដោយមានផលអវិជ្ជមានបន្តិចបន្តួចតែប៉ុណ្ណោះ។
ប្រធានាធិបតីឥណ្ឌូណេស៊ីលោក Joko Widodo បានថ្លែងកាលពីខែតុលាកន្លងទៅថា រដ្ឋាភិបាលរបស់លោកនឹងមិនសម្របសម្រួលជាដាច់ខាតលើការទាមទារនៅជុំវិញប្រជុំកោះ Natuna ពីសំណាក់ប្រទេសចិន ដែលប្រជុំកោះនេះមានកោះតូចៗចំនួន ២៧២ កោះ ស្ថិតនៅភាគពាយព្យនៃកោះ Borneo ដែលនាវានេសាទចិននានាធ្វើដំណើរឆ្លងកាត់នៅក្នុងដែនទឹកនៅក្បែរនោះដែលជាទីដែលលោកបានទៅទស្សនាកោះតូចៗទាំងទីនោះ ក្នុងអំឡុងពេលប្រទេសឥណ្ឌូណេស៊ីធ្វើសមយុទ្ធយោធាកាលពីខែកញ្ញា និងខែតុលា។
លោក David McRae អ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថានអាស៊ីនៃសាកលវិទ្យាល័យ Melbourne ប្រទេសអូស្ត្រាលី និយាយថា មន្ត្រីរដ្ឋាភិបាលឥណ្ឌូណេស៊ីភាគច្រើនមានអាម្មណ៍មុតមាំថា ប្រទេសឥណ្ឌូណេស៊ី អាចទាមទារសិទ្ធិកាន់កាប់លើតំបន់ ដែលខ្លួនអះអាងថា ជាតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ខ្លួននៅជុំវិញប្រជុំកោះ Natunas និងស្របពេលជាមួយគ្នានេះដែរ ប្រទេសឥណ្ឌូណេស៊ីក៏អាចបង្កើតទំនាក់ទំនងសេដ្ឋកិច្ចរឹងមាំជាមួយប្រទេសចិនផងដែរ។
កាលពីឆ្នាំ ២០១៥ លោកប្រធានាធិបតី Widodo ក៏បានអំពាវនាវឲ្យភាគីទាំងពីរបង្កើនពាណិជ្ជកម្មទ្វេភាគី ដែលមានទឹកប្រាក់រហូតដល់ ១៥០ ពាន់លានដុល្លារអាមេរិក ឲ្យបានត្រឹមឆ្នាំ ២០២០។ ប្រទេសចិនគឺជាប្រភពនាំចូលខ្ពស់ជាងគេរបស់ឥណ្ឌូណេស៊ីរួចស្រាប់ទៅហើយ ហើយក៏ជាគោលដៅនាំចេញធំបំផុតទីពីរ សម្រាប់ផលិតផលមួយចំនួនរបស់ឥណ្ឌូណេស៊ីដូចជា រ៉ែ និងប្រេងដូងជាដើម។
ប៉ុន្តែគណៈរដ្ឋមន្ត្រីឥណ្ឌូណេស៊ី បានបង្កើតយុទ្ធសាស្ត្រមួយ ដែលអ្នកជំនាញនានាហៅថាយុទ្ធសាស្ត្រមានហានិភ័យទាប ក្នុងការប្រកាន់ជំហរទាមទារតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ខ្លួន ដែលមានប្រវែង ៣៧០ គីឡូម៉ែត្រ នៅក្នុងដែនទឹកជុំវិញប្រជុំកោះ Natunas។ ប្រទេសចិនបានពឹងផ្អែកលើកំណត់ត្រាប្រវត្តិសាស្ត្រ ហើយបានអះអាងថា នាវារបស់ខ្លួនបាននេសាទក្នុងដែនទឹកនោះអស់រយៈពេលជាយូរមកហើយ៕
មតិយោបល់