ភ្នំពេញៈ តបតាមការអញ្ជើញរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបណ្ឌិត តូនី តាន់ កេងយាំ (Tony Tan Keng Yam) ប្រធានាធិបតីនៃសាធារណរដ្ឋសិង្ហបុរី នឹងដឹកនាំគណៈប្រតិភូនិងអញ្ជើញមកដល់កម្ពុជានៅម៉ោងប្រមាណ១រសៀលនេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រ កម្ពុជារយៈពេល៣ថ្ងៃ ពីថ្ងៃទី ០៨ ដល់ ១១ ខែ មករា ឆ្នាំ ២០១៧ ។
ក្នុងអំឡុងពេលទស្សនកិច្ចនេះ ឯកឧត្តមបណ្ឌិត តូនី តាន់ កេងយាំ នឹងចូលក្រាបបង្គំគាល់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅប្រាសាទទេវាវិនិច្ឆ័យ និងចូលក្រាបបង្គំគាល់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល នៅព្រះរាជដំណាក់គន្ធបុប្ផា នៃព្រះបរមរាជវាំង ដាច់ដោយឡែកពីគ្នា។
ឯកឧត្តមបណ្ឌិត តូនី តាន់ កេងយាំ នឹងជួបពិភាក្សាទ្វេភាគីជាមួយសម្តេចអគ្គមហាសេនាបតី-តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ហើយបន្ទាប់មកថ្នាក់ដឹកនាំទាំងពីរ នឹងអញ្ជើញធ្វើ ជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួនពីរ ដូចខាងក្រោម៖
១- អនុស្សារណៈ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ រវាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៃព្រះរាជាណាចក្រកម្ពុជា និង វិទ្យាស្ថានអប់រំបច្ចេកទេសនៃសាធារណរដ្ឋសិង្ហបុរី។
២- អនុស្សារណៈរវាងមន្ទីរពេទ្យកាល់ម៉ែតនៃព្រះរាជាណាចក្រកម្ពុជា និងមន្ទីរពេទ្យ Tan Tock Seng នៃសាធារណរដ្ឋសិង្ហបុរី។
ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តមប្រធានាធិបតីបណ្ឌិត តូនី តាន់ កេងយាំ នឹងអញ្ជើញទៅទស្សនាគម្រោងរបស់សាធារណរដ្ឋសិង្ហបុរី នៅមន្ទីរពេទ្យកាល់ម៉ែត្រ រាជធានីភ្នំពេញ និងប្រាសាទអង្គរវត្ត នៅខេត្តសៀមរាបផងដែ៕


មតិយោបល់