ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

តំណាងអយ្យការកំពុងសាកសួរលោក ទួន សុជាតិ លើសំណុំរឿងអាស្រូវស្នេហារបស់លោក កឹម សុខា និងកញ្ញា ស្រីមុំ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៦នេះ លោក សៀង សុខ តំណាងអយ្យការសាលាដំបូងភ្នំពេញកំពុងធ្វើការសាកសួរ លោក ទួន សុជាតិ ថៅកែហាងកាត់សក់យីហោ ខ្មែរអង្គរ ក្នុងនាមជាសាក្សីបំភ្លឺក្នុងសំណុំរឿងទំនាក់ទំនងស្នេហារវាងលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ និងឈ្មោះ ខុម ចាន់ដារ៉ាទី ហៅស្រីមុំ។

គួរបញ្ជាក់ថា ការកោះហៅសាក្សីគឺលោក ទួន សុជាតិ មកសាកសួរបានធ្វើឡើង បន្ទាប់ពីនគរបាលនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន បានស៊ើបអង្កេត និងបញ្ជូនសំណុំរឿងរបស់កញ្ញា ធី សុវណ្ណថា សកម្មជនគណបក្សសង្គ្រោះជាតិ ដែលបានដាក់ពាក្យបណ្តឹងមកតុលាការកាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០១៦ កន្លងទៅ អំពីករណីបរិហាកេរ្តិ៍លើរូបនាង ដោយធ្វើឡើងតាមរយៈខ្សែអាត់សម្លេងសន្ទនារវាងលោកកឹម សុខា ជាមួយកញ្ញាខុម ចាន់ដារ៉ាទី ហៅស្រីមុំ ដែលត្រូវបានបង្ហោះផ្សព្វផ្សាយនៅលើបណ្តាញសង្គមហ្វេសប៊ុក និងសារព័ត៌មានមួយចំនួន ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់នាងយ៉ាងធ្ងន់ធ្ងរ។

គួររំឮក សម្លេងខ្សែអាត់ឆ្លងឆ្លងស្នេហារវាងលោក កឹម សុខា និងកញ្ញា ស្រីមុំ ត្រូវបានសារព័ត៌មាន និងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកបង្ហោះ ជាសាធារណៈជាច្រើនភាគ និងត្រូវបានមហាជនចាប់អារម្មណ៍ជាខ្លាំង ខណៈដែលកញ្ញាស្រីមុំបានព្យាយាមបដិសេធថា វាមិនមែនជាសម្លេងរបស់នាងនោះទេ ចំណែកលោក កឹម សុខា បានប្រើប្រាស់យុទ្ធ ម៣ គឺមិនឆ្លើយ មិនឆ្លង មិនឈ្លោះ រហូតមក៕

មតិយោបល់