ភ្នំពេញ: លោក KEVIN CHEOK ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសិង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា នៅព្រឹកថ្ងៃទី២៧ខែមេសា ឆ្នាំ២០១៦នេះបានអះអាងថា “ចំនួនភ្ញៀវទេសចរណ៍សិង្ហបូរីមកកម្ពុជាក្នុងឆ្នាំ២០១៥មានចំនួនជាង៨ម៉ឺននាក់ ហើយក្នុងរយៈពេល៣ខែដើមឆ្នាំ២០១៦នេះ មានចំនួនប្រមាណ៤០០០នាក់ ចំនួននេះបើធៀបរយៈពេលដូចគ្នានិងឆ្នាំកន្លងទៅមានការកើនឡើង សម្រាប់ទេសចរណ៍កម្ពុជា ទៅកាន់សឹង្ហបូរីវិញក៏មានការកើនឡើងគួរឲ្យកត់សម្គាល់ផងដែរ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ “។
លោក ឡោ ធូរ៉ា ប្រធាននាយកដ្ឋាន អប់រំ ផ្សព្វផ្សាយទីផ្សារនៃក្រសួងទេសចរណ៍ បានមានប្រសាសន៍ឲ្យដឹងបែបនេះនៅក្រោយជំនួបពិភាក្សារវាងលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោក KEVIN CHEOK ឯកអគ្គរដ្ឋទូតសិង្ហបូរី នៅក្នុងឱកាសដែលលោកបញ្ចប់បេសកកម្មការទូតនៅកម្ពុជា ហើយត្រូវបានអនុញ្ញាតិឲ្យចូលជួបសម្តែងការគួរសម និងជម្រាបលា។
លោក ឡោ ធូរ៉ា បានឲ្យដឹងទៀតថា លោកទូតបានថ្លែងអំណរគុណនិងកោតសរសើរដល់ការដឹកនាំរបស់លោករដ្ឋមន្រ្តី ថោង ខុន ដែលបានធ្វើឲ្យចំនួនភ្ញៀវទេសចរណ៍មកកម្ពុជាមានការកើនឡើងយ៉ាងគំហុកនាទស្សវត្សចុងក្រោយនេះ ហើយបានរួមសហការ និងពង្រឹងចំណងមិត្តភាពសាមគ្គីភាពនិងទំនាក់ទំនងយ៉ាងល្អប្រសើរ រវាងប្រទេសទាំងពីរ កម្ពុជា-សិង្ហបូរី ពិសេសបានជួយសហប្រតិបត្តិការ សម្រួលដល់ការបំពេញភារកិច្ចការទូតរបស់លោកនៅកម្ពុជាបានល្អនិងទទួលបានជោគជ័យដូចពេលនេះ។
ជាមួយគ្នានោះលោករដ្ឋមន្រ្តីបានស្នើសុំឲ្យលោកទូតចប់អាណត្តិ ជួយជំរុញឲ្យភ្ញៀវទេសចរណ៍សិង្ហបូរី មកកម្ពុជាឲ្យបានកាន់តែច្រើនថែមទៀត ពិសេសបានកោតសរសើរដល់អ្នកវិនិយោគទុនសិង្ហបុរីដែលបានមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ។ លោករដ្ឋមន្រ្តីក៏សុំឲ្យមានការបង្កើនការវិនិយោគដើម្បីជាការរួមចំណែកមួយដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា។
គួរបញ្ជាក់ថា វិស័យទេសចរណ៍កម្ពុជា-សិង្ហបូរី ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការកើនឡើងគួរឲ្យកតសម្គាល់ ពិសេសទំនាក់ទំនងពាណិជ្ជកម្មនិងការវិនិយោគក្នុងឆ្នាំ២០១៤ កម្ពុជានាំចេញទៅសិង្ហបុរីមានទំហំទឹកប្រាក់ប្រមាណ១,៧៤៦,៨១០,៨៤២ដុល្លារ ធៀបនឹងឆ្នាំ២០១៥ មានទំហំ ៥៨,៥៦៤,៣៨៧,៤៣ដុល្លារ ។ រីឯកម្ពុជានាំចូលពីសិង្ហបុរីវិញមានទំហំទឹកប្រាក់ចំនួន៩៩៦,១៩៥,៧៤៥ដុល្លារធៀបនឹងឆ្នាំ២០១៥ មានទំហំទឹកប្រាក់ចំនួន ៥០៣,៣៥៩,២២៣,៥២ដុល្លារអាម៉េរិក៕
មតិយោបល់