ព័ត៌មានអន្តរជាតិ

អាមេរិក សង្ស័យថាកូរ៉េខាងជើង កំពុងផលិតគ្រាប់បែកនុយក្លេអ៊ែរថ្មីទៀតហើយ

(វ៉ាស៊ីនតោន)៖ ក្រុមតាមដានសកម្មភាពកូរ៉េខាងជើង របស់អាមេរិក បានបញ្ជាក់ពីសកម្មភាពដ៏គួរ ឲ្យសង្ស័យរបស់ទីក្រុងព្យុងយ៉ាង នៅក្បែររោងចក្រនុយក្លេអ៊ែរដ៏ធំបំផុតរបស់ខ្លួន ដោយអាមេរិក សង្ស័យថា កូរ៉េខាងជើង កំពុងតែចម្រាញ់សារធាតុ ភ្លុយតូញ៉ូម សម្រាប់ផលិតគ្រាប់បែក នុយក្លេអ៊ែរថ្មីទៀតជាមិនខាន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន សិង្ហបុរី នៅព្រឹកថ្ងៃអង្គារ ទី០៥ ខែមេសា ឆ្នាំ២០១៦។
សម្រាប់រោងចក្រនុយក្លេអ៊ែរ ធំបំផុតរបស់កូរ៉េខាងជើង មានឈ្មោះ Yongbyon ត្រូវបានផ្កាយរណប របស់អាមេរិកថតបានសកម្មភាព ដ៏គួរឲ្យចាប់អារម្មណ៍មួយចំនួន ដូចជាមានផ្សែងហុយចេញពីតំបន់ ក្បែរនោះ ដែលវាបានបង្ហាញអំពីពីការចម្រាញ់សារធាតុអ្វីមួយ ឬក៏ជាការពិសោធន៍ធាតុគីមីវិទ្យុសកម្ម នៅក្នុងមន្ទីរពិសោធន៍នោះជាក់ជាមិនខាន។
គួរបញ្ជាក់ថា រោងចក្រនុយក្លេអ៊ែរ Yongbyon អាចធ្វើការចម្រាញ់សារធាតុភ្លុយតូញ៉ូម ពីម៉ាស៊ីនរ៉េអាក់ទ័រ ដែលមានកម្លាំង ៥ម៉េហ្គាវ៉ាត់ ហើយនិងអាចផលិតវាទៅជាវត្ថុជាតិផ្ទុះដ៏ខ្លាំងក្លា ផងដែរ។ សហរដ្ឋអាមេរិក នឹងតាមសកម្មភាពនេះ ជាបន្តទៀត៕

  
 

មតិយោបល់