ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

សង្ស័យឧកញ៉ា លឹម ហេង ឃុបឃិតជាមួយអាជ្ញាធរ រំលោភយកដីរមណីយដ្ឋានព្រៃប្រស់ ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន

កំពង់ធំ: ប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ ក៏ដូចជាភ្ញៀវទេសចរ ដែលមកកម្សាន្តនៅរមណីយដ្ឋានព្រៃប្រស់ បានសម្ដែងនូវការសោកស្ដាយ ព្រោះដីរបស់រមណីយដ្ឋានព្រៃប្រស់ មួយចំនួនកំពុងធ្លាក់ក្នុងកណ្ដាប់ដៃឈ្មួញ នាំគ្នារំលោភយកធ្វើជាកម្មសិទ្ធិ តាមរយ:ការសាងសង់ជាកន្លែងលក់ម្ហូបអាហារ ដោយមិនខ្វល់ពីសោភណ្ឌភាព បរិស្ថាន និងជួយគ្នាអភិរក្សស្ទឹងព្រៃប្រស់ឡើយ។

ប្រភពព័ត៌មានច្បាស់ការណ៍ បានឲ្យដឹងថា ដីចំណីស្ទឹងព្រៃប្រស់ ដែលជាបឹងធម្មជាតិតាំងពីដូនតា ស្ថិតនៅខាងលិចស្ពានព្រៃប្រស់ ក្នុងឃុំត្បែង ស្រុកកំពុងស្វាយ ខេត្តកំពង់ធំ កំពុងត្រូវគ្រឿងចក្រធំៗ ធ្វើការឈូសឆាយចាក់ដី ដើម្បីរំលោភយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនពីសំណាក់លោកឧកញ៉ា លឹម ហេង ដែលជាឈ្មួញមានលុយមានអំណាចម្នាក់ក្នុងខេត្ត។ ដីចំណីរមណីយដ្ឋានស្ទឹងព្រៃប្រស់នេះ គឺឧកញ៉ា លឹម ហេង ដាក់គ្រឿងចក្រចាក់ដីបំពេញក្នុងបំណងសង់ជាភោជនីយដ្ឋាន។

ករណីរំលោភយកសម្បត្តិសាធារណ:នេះ អភិបាលស្រុកកំពង់ស្វាយ លោក អ៊ុន បុត្រ បានឆ្លើយយករួចខ្លួនថា ការឈូសឆាយរបស់ឈ្មួញខាងលើ គឺគេមានច្បាប់អនុញ្ញាតពីអាជ្ញាធរខេត្ត ព្រោះលោកមិនបានចុះហត្ថលេខាលើដីព្រៃប្រស់នេះទេ ហើយលោកក៏ទើបតែកាន់តំណែងជាអភិបាលស្រុកដែរ។ លោកថា ការចុះហត្ថលេខាអនុញ្ញាតពីអាជ្ញាធរស្រុក គឺធ្វើឡើងដោយលោក អ៊ឹម ថន ជាអភិបាលស្រុកជំនាន់មុន ដែលបច្ចុប្បន្នចូលនិវត្តន៍ហើយ។

ចំណែក លោក អ៊ឹម សុឌីណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ធំ ថ្លែងការពារឈ្មួញថា ដីនេះ គេមានច្បាប់អនុញ្ញាត ជាកម្មសិទ្ធិរបស់គេ ដែលទទួលស្គាល់លេខក្បាលដីពីប្រធានមន្ទីរមុន ឈ្មោះ ឌិត ធន តាំងពីឆ្នាំ២០០៩មកម្ល៉េះ ប៉ុន្តែត្រូវចាក់ឲ្យចំតាមគោលដៅដែលបានកំណត់។

មជ្ឈដ្ឋានទូទៅបានរិះគន់ថា សោភណ្ឌភាព និងសម្រស់រមណីយដ្ឋានព្រៃប្រស់ ដែលជាបឹងធម្មជាតិពីដូនតា អាចត្រូវរលាយហិនហោច បើសិនជាអាជ្ញាធរមិនចាត់វិធានការឲ្យបានទាន់ពេលវេលា ដែលបើទោះជាទីតាំងខាងលើជាដីកម្មសិទ្ធិឯកជនក្ដី ប៉ុន្តែវាបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សោភណ្ឌភាព បរិស្ថាន និងសម្រស់រមណីយដ្ឋាន។ ក្រសួងទេសចរណ៍ និងអាជ្ញាធរខេត្តកំពង់ធំ រួមទាំងអ្នកពាក់ព័ន្ធផ្សេងទៀត គួរធ្វើការពិចារណាឡើងវិញ ចំពោះការវិនិយោគលើការសាង់សង់តូបលក់ផ្សេងៗ ដែលបានអភិវឌ្ឍន៍ធ្វើឲ្យប៉ះពាល់ដល់រមណីយដ្ឋានស្ទឹងព្រៃប្រស់នេះ។

មតិមហាជនរិះគន់ចំៗទៀតថា ការអភិវឌ្ឍន៍ក្នុងជំនាន់មុនៗ មិនដែលធ្វើឲ្យបាត់បង់ ឬធ្វើឲ្យប៉ះពាល់ដល់សោភណ្ឌភាព និងសម្រស់រមណីយដ្ឋានព្រៃប្រស់ឡើយ ទើបតែសម័យឆ្នាំ២០១៦នេះ ត្រូវបានរលាយស្ទើរទាំងស្រុង ដែលគេបានដាក់ការសង្ស័យថា អាចមានការឃុបឃិតគ្នា រវាងឈ្មួញមានលុយមានអំណាច ជាមួយអាជ្ញាធរតែម្ដង៕

photo_2016-05-14_12-06-05 photo_2016-05-14_12-06-21 photo_2016-05-14_12-06-24

មតិយោបល់