ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

តុលាការសម្រេចឃុំខ្លួនក្រុមឃាតករសម្លាប់សិស្សសាលាពងទឹក និងក្រុមចោរប្លន់រថយន្ត Lexus 470 នៅល្ងាចនេះ

ភ្នំពេញៈ ចៅក្រុមសើុបសួរនៃសាលាដំបូងរាជធានីភ្នំពេញ លោកស្រី ស៊ លីណា នៅល្ងាចថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦នេះ បានសម្រេចឃុំខ្លួនក្រុមចោរប្លន់រថយន្ត២នាក់ រថយន្ត Lexus 470 និងក្រុមឃាតករ៧នាក់ ដែលបានសម្លាប់យុវតីជាសិស្សវិទ្យាល័យពងទឹក ជាបណ្តោះអាសន្ននៅពន្ធនាគារព្រៃស។

ក្រុមចោរប្លន់រថយន្ត Lexus 470 កាលពីព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ នៅម្តុំផ្លូវទំនប់កប់ស្រូវ ដែលត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ បង្ក្រាបបាននៅល្ងាចថ្ងៃកើតហេតុនោះ មានឈ្មោះ ហ៊ន សំណាង និងម្នាក់ទៀត ជាបងប្រុសជនរងគ្រោះឈ្មោះ ហ៊ន វណ្ណៈ មុខរបរជាសន្តិសុខ។

ចំណែកក្រុមឃាតករចោរប្លន់ម៉ូតូ និងសម្លាប់យុវតីសិស្សថ្នាក់ទី១២D នៃវិទ្យាល័យពងទឹក ដែលមានគ្នា៧នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ចាប់ខ្លួនម៉ោង៩៖៣០នាទី យប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ នៅខាងក្រោយស្ថាននីទូរទស្សន៍អាសុីអាគ្នេយ៍ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រួមមាន ទី១ឈ្មោះ ជុំ វិរៈ ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅក្នុងភូមិតាបោះ សង្កាត់ព្រៃស ខណ្ឌដង្កោ ជាជនដៃដល់ និងត្រូវជាបងជីដូនមួយជនរងគ្រោះ ទី២ឈ្មោះ សុខ សុភាព អាយុ១៧ឆ្នាំ មានទីលំនៅក្នុងបូរីសន្តិភាព២ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ទី៣ឈ្មោះ ឡេង ដានី អាយុ១៧ មានទីលំនៅក្នុងភូមិថ្លុកដូនទុំ ឃុំបានកាន ស្រុកព្រៃកប្បាស ខេត្តតាកែវ ទី៤ឈ្មោះ គ្រឿ ចន្ធូ អាយុ១៨ឆ្នាំ មានទីលំនៅក្នុងភូមិ និងឃុំត្រពាំងប្រាសាទ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ទី៥ឈ្មោះ លឹម បញ្ញាវន្ត អាយុ២០ឆ្នាំ ស្នាក់នៅសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ទី៦ឈ្មោះ ហុង សុជោតា អាយុ២១ឆ្នាំ មានទីលំនៅក្នុងបូរីសន្តិភាព២ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងទី៧ឈ្មោះ សុខ សុភា អាយុ២២ឆ្នាំ ស្នាក់នៅក្នុងភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ដោយឡែកជនរងគ្រោះដែលត្រូវក្រុមនេះសម្លាប់ប្លន់យកម៉ូតូម៉ាក ហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០០៧នោះ មានជនឈ្មោះ វុន រដ្ឋា ភេទស្រី អាយុ១៩ឆ្នាំ ជាសិស្សថ្នាក់ទី១២D នៃវិទ្យាល័យពងទឹក ស្នាក់នៅភូមិព្រៃកី សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ៕

photo_2016-05-18_18-51-35 photo_2016-05-18_18-51-42 photo_2016-05-18_18-51-45 photo_2016-05-18_18-51-47 photo_2016-05-18_18-51-49 photo_2016-05-18_18-51-51 photo_2016-05-18_18-51-56 photo_2016-05-18_18-51-58 photo_2016-05-18_18-52-00 photo_2016-05-18_18-52-02 photo_2016-05-18_18-52-04 photo_2016-05-18_18-52-06

មតិយោបល់