ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

(ជ្រុង១នៃសង្គម) ប៉ាណូនៅខេត្តព្រះស៊ីហនុ បង្ហាញពីការសម្បូរស្រាបៀ សម្បូរអ្នកផឹក មិនបង្ហាញពីតំបន់ទេសចរណ៍

ព្រះសីហនុ:ខេត្តព្រះសីហនុ ត្រូវបានគេចាត់ទុក និងទទួលស្គាល់ថា ជាតំបន់ទេសចរណ៍ ដែលមានឆ្នេរខ្សាច់ដ៏សស្អាតជាងគេនៅលើពិភពលោក ដែលជាកត្តាទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិទៅកម្សាន្តខេត្តនេះយ៉ាងច្រើនក្នុងមួយឆ្នាំៗ ប៉ុន្តែអ្វីដែលអ្នកទេសចរធ្វើដំណើរចូលទឹកដីខេត្តទេសចរណ៍មាត់សមុទ្រនេះ គេសំឡឹងឃើញតែប៉ាណូធំៗ ដាក់កាត់ទទឹងផ្លូវនោះ បង្ហាញពីរូបភាពស្រាបៀផ្សេងៗ ពិសេសស្រាបៀអង្គរ ស្រាបៀកម្ពុជា ស្រាបៀអាន់ឈើ និងស្រាបៀអាបេសេតែម្តង ដោយពុំឃើញមានបង្ហាញពីទីតាំងឈ្មោះតំបន់ឆ្នេរ និងកោះនានានោះទេ។

អ្នកទេសចរជាច្រើន ដែលតែងតែទៅកម្សាន្តខេត្តព្រះសីហនុ រាល់ៗឆ្នាំនោះ គេសង្កេតឃើញអាជ្ញាធរខេត្តនេះ ពុំបានយកចិត្តទុកដាក់រៀបចំប៉ាណូចង្អុលបង្ហាញពីឈ្មោះឆ្នេរកម្សាន្ត ដូចជាឆ្នេររាម ឆ្នេរអូឈើទាល ឆ្នេរអូត្រេះ ឫឆ្នេរសុខា និងឈ្មោះកោះនានានោះទេ។

អ្នកទេសចរណ៍គេបានឃើញស្ទើរតែសឹកភ្នែកទៅហើយ នូវប៉ាណូ កាត់ទទឹងផ្លូវទាំងអស់ មានបង្ហាញតែរូបស្រាបៀផ្សេងៗ ពិសេសស្រាបៀអង្គរ ស្រាបៀកម្ពុជា ស្រាបៀអាន់ឈើ និងស្រាបៀអាបេសេ ដែលគេមើលទៅវាហាក់បីដូចជាខេត្ត-ក្រុង ព្រះស៊ីហនុនេះទៅជាខេត្ត ដែលសម្បូរស្រាបៀ និងសម្បូរអ្នកផឹកស្រាបៀហើយមើលទៅ។

ខេត្តព្រះស៊ីហនុ នេះត្រូវបានថ្នាក់លើធ្វើការផ្លាស់ប្តូរចៅហ្វាយខេត្ត ចៅហ្វាយក្រុងច្រើននាក់មកហើយ តែគេមើលឃើញថា ដាក់អ្នកណាមកកាន់វាឌៀរតែខ្នូច វាដូចតែគ្នាហ្នឹង សុទ្ធតែមើលមិនឃើញ ពីបញ្ហានេះទាំងអស់ ដោយម្នាក់ៗគិតតែពីមកកើបយកផលប្រយោជន៍ចូលហោប៉ៅ។ អ្នកទេសចរបានសំណូមពរទៅដល់លោកអភិបាលខេត្តព្រះស៊ីហនុ ក៏ដូចជាមន្ទីទេសចរណ៍ខេត្តនេះ លើកប៉ាណូ បង្ហាញពីឈ្មោះតំបន់ទេសចរណ៍ឲ្យអ្នកទេសចរជាតិ និងអន្តរជាតិបានដឹងបានស្គាល់ផង កុំបង្ហាញតែប៉ាណូស្រាបៀដ៏ច្រើនស្កេកស្កះបែបនេះទៀត វាមិនសមនឹងខេត្តទេសចរណ៍មាត់សមុទ្រនោះទេ៕

photo_2016-05-23_10-31-56 2373208231_ff84dc7626_m (1) photo_2016-05-23_10-31-54 photo_2016-05-23_10-31-54-2 photo_2016-05-23_10-31-55

មតិយោបល់