ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ម្ចាស់គ្លីនិក ឃឹម រ៉ានី ប្រតិកម្មចំពោះការផ្សាយថា បានចាក់ថ្នាំបណ្ដាលឲ្យមនុស្សស្លាប់

ភ្នំពេញៈ ម្ចាស់គ្លីនិក ឃឹម រ៉ានី នៅព្រឹកថ្ងៃទី២៣ ខែឧសភានេះ បានប្រតិកម្មចំពោះការផ្សាយជុំវិញករណីគ្រូពេទ្យនៅគ្លីនិកមួយនេះ បានចាក់ថ្នាំ២ម្ជុល បណ្ដាលឲ្យបុរសវ័យ២៨ឆ្នាំម្នាក់ បែកពពុះមាត់ប្រកាច់ស្លាប់។ លោកស្រី ឃឹម រ៉ានី បានអះអាងថា គ្រូពេទ្យមានក្រមសីលធម៌វិជ្ជាជីវៈក្នុងការសង្គ្រោះ ដូច្នេះខាងគ្លីនិកត្រូវតែសង្គ្រោះ ដើម្បីបន្តបញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យកាល់ម៉ែត។

លោកស្រី ឃឹម រ៉ានី ម្ចាស់គ្លីនិក ឃឹម រ៉ានី បានផ្ដល់បទសម្ភាសន៍ដល់ Post News នៅព្រឹកនេះថា ករណីមានការចោទប្រកាន់ថា គ្លីនិកបានចាក់ថ្នាំបណ្ដាលឲ្យអ្នកជំងឺឈ្មោះ ឡាំ តៅគង់ ស្លាប់នោះ គឺអ្នកជំងឺបានរត់មកសុំឲ្យខាងគ្លីនិតជួយសង្គ្រោះក្នុងសភាពធ្ងន់ធ្ងរ ហើយខាងគ្លីនិកបានដាក់អ៊ុកស៊ីហ្ស៊ែន និងចាក់ថ្នាំចំនួន២ម្ជុល បំបាត់ការឈឺចាប់ ដើម្បីបញ្ជូនទៅសង្គ្រោះបន្តនៅមន្ទីរពេទ្យកាល់ម៉ែត។ លោកស្រីអះអាងថា ជនរងគ្រោះស្លាប់ដោយសារជំងឺគាំងបេះដូងធ្ងន់ធ្ងរ ហើយគ្លីនិកព្យាយាមសង្គ្រោះក្នុងនាមក្រុមគ្រូពេទ្យមានក្រមសីលធម៌វិជ្ជាជីវៈ ដែលមានតួនាទីត្រូវតែជួយសង្គ្រោះ។

https://www.youtube.com/watch?v=6cr_W0aRzpQ&feature=youtu.be

ពាក់ព័ន្ធករណីនេះ ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានអះអាងថា បានស្នើទៅក្រសួងដើម្បីផ្អាកការធ្វើអាជីវកម្មបោះអាសន្ន។ លោក សុខ គន្ធ ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានថ្លែងថា មន្ទីរបានស្នើទៅក្រសួងសុខាភិបាល សុំផ្អាកអាជីវកម្មរបស់គ្លីនិក ឃឹម រ៉ានី បណ្ដោះអាសន្ន ដើម្បីរង់ចាំការស្រាវជ្រាវ ត្រួតពិនិត្យ និងធ្វើការកែលម្អសាជាថ្មី។ ករណីនេះ ខាងមន្ទីរបានបញ្ជូនគណៈកម្មាធិការចម្រុះ ចុះទៅស្រាវជ្រាវដល់គ្លីនិកនៅព្រឹកថ្ងៃទី២៣ ខែឧសភានេះ ដើម្បីស្វែងរកការពិតជុំវិញការស្លាប់របស់ជនរងគ្រោះនៅគ្លីនិកមួយនេះ។

ភ្លាមៗ ក្រសួងសុខាភិបាល ក៏បានសម្រេចបិទគ្លីនិក ឃឹម រ៉ានី ដោយសំអាងលើមូលហេតុថា គ្លីនិកមួយនេះ បានបង្កឲ្យមានបញ្ហាជាច្រើនលើកច្រើនសារ ដោយមិនគោរពទៅតាមកិច្ចសន្យារបស់ខ្លួន និងមិនគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦តែម្ដង។

នៅព្រឹកថ្ងៃនេះដែរ Post News បានព្យាយាមទាក់ទងទៅគ្រួសារជនរងគ្រោះឈ្មោះ ឡាំ តៅគង់ ប៉ុន្តែលេខទូរស័ព្ទមិនអាចទាក់ទង(បិទទូរស័ព្ទ) សុំការពន្យល់ណាមួយឡើយ។

គួរជម្រាបថា កាលពីវេលាម៉ោង៧៖៥០នាទី ព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៦ ជនរងគ្រោះឈ្មោះ ឡាំ តៅគង់ ភេទប្រុស អាយុ២៨ឆ្នាំ ត្រូវបានមិត្តភ័ក្ដិនាំមកឲ្យគ្លីនិក ឃឹម រ៉ានី ដែលមានទីតាំងស្ថិតនៅផ្ទះលេខ១៤ ផ្លូវ៣១៥ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ដើម្បីជួយសង្គ្រោះ ក្នុងអាការៈឈឺចុកចាប់ឆ្អឹងខ្នង កញ្ចឹងក ឈឺក្បាល បែកញើសជោកខ្លួនក្នុងសភាពឡេះឡុះ។ បន្ទាប់ពីជនរងគ្រោះចូលពិនិត្យ ខាងគ្លីនិកបានចាក់ថ្នាំចំនួន២ម្ជុល បន្តិចក្រោយមកស្រាប់តែជនរងគ្រោះប្រកាច់បែកពពុះមាត់ ក៏ប្រញាប់ដឹកទៅមន្ទីរពេទ្យកាល់ម៉ែត តែអកុសលជនរងគ្រោះបានស្លាប់នៅតាមផ្លូវបាត់ទៅហើយ៕

khim-rany photo_2016-05-22_20-46-14 photo_2016-05-22_20-46-15-2 photo_2016-05-23_09-50-07 photo_2016-05-23_09-50-20 photo_2016-05-23_09-50-23

photo_2016-05-23_10-57-47

https://www.youtube.com/watch?time_continue=4&v=7lrx9XtAWp0

មតិយោបល់