ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

មុននេះបន្តិច អេហ្ស៊ីបបានបញ្ជូននាវាមុជទឹកដើម្បីស្វែងរកភស្តុតាងបន្ថែមទៀត ក្នុងហេតុការណ៍ធ្លាក់យន្តហោះ

អេហ្ស៊ីប: ប្រទេសអេហ្ស៊ីបបានប្រើប្រាស់នាវាមុជទឹកមនុស្សយន្តដើម្បីតាមប្រមាញ់រុករភស្តុតាងបន្ថែមទៀត ក្នុងហេតុការណ៍ធ្លាក់យន្តហោះដឹកអ្នកដំណើរ EgyptAir ដែលបានធ្លាក់ទៅលើសមុទ្រមេឌីទែរ៉ាណេ ដោយមានមនុស្សស្លាប់ ៦៦ នាក់នៅលើយន្តហោះ។

ប្រធានាធិបតីលោក Abdel Fattah al-Sisi បានឱ្យដឹងកាលពីថ្ងៃអាទិត្យថា ឧបករណ៍ក្រោមទឹកពីឧស្សាហកម្មប្រេងរបស់ប្រទេសអេហ្ស៊ីប ត្រូវបានគេបញ្ជូនឱ្យទៅស្វែងរកថតប្រអប់ខ្មៅផងដែរ។

លោកបានថ្លែងនៅក្នុងសុន្ទរកថាតាមទូរទស្សន៍មួយថា ពួកគេមាននាវាមុជទឹក ដែលអាចទៅដល់ជម្រៅ ៣.០០០ម៉ែត្រនៅក្រោមទឹក។ ក្រៅពីនាវាមុជទឹកនេះ នៅមាននាវានិងយន្តហោះផ្សេងទៀត មកពីប្រទេសអង់គ្លេស, Cyprus, ប្រទេសបារាំង, ប្រទេសក្រិចនិងសហរដ្ឋអាមេរិកផងដែរ ត្រូវបានគេឆែកឆេរឆ្លងសមុទ្រជិតកំពង់ផែអេហ្ស៊ីប Alexandria។

កាលពីថ្ងៃសុក្រកន្លងមក កងកម្លាំងប្រដាប់អាវុធអេហ្ស៊ីបនិយាយថាពួកគេបានរកឃើញទ្រព្យសម្បត្ដិផ្ទាល់ខ្លួនមួយចំនួនដែលនៅសេសសល់ពីជនរងគ្រោះ ព្រមទាំងកំទេចកំទីយន្តហោះនៅក្នុងសមុទ្រមេឌីទែរ៉ាណេ ដែលមានចម្ងាយ ២៩០គីឡូម៉ែត្រភាគខាងជើងនៃកំពង់ផែAlexandria។

ទោះជាយ៉ាងណា ប្រអប់ខ្មៅសំខាន់ណាស់ដើម្បីកំណត់ពីមូលហេតុនៃការធ្លាក់នេះនៅតែបាត់ខ្លួន។ លោក Sisi បាននិយាយថាមូលហេតុនៃការធ្លាក់យន្តហោះនេះមិនទាន់ត្រូវបានកំណត់ឲ្យពិតប្រាកដនោះឡើយទេ តែដឹងថាវាហ៊ុយផ្សែងមុននឹងធ្លាក់បាត់ពីប្រព័ន្ធរ៉ាដា។

លោកបានថ្លែងថា ការឈានទៅដល់មូលហេតុ ដែលនៅពីក្រោយការធ្លាក់យន្ដហោះនេះត្រូវចំណាយពេលយូរ យើងនឹងប្រកាសពីលទ្ធផលនៅពេលដែលយើងបញ្ចប់ការស៊ើបអង្កេត។

សូមបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍ ជើងហោះហើរ EgyptAir MS804 ជាយន្តហោះប្រភេទ Airbus A320 បានបាត់ខ្លួនពីអេក្រង់រ៉ាដា ធ្វើដំណើរពីទីក្រុងប៉ារីស ទៅកាន់ទីក្រុងគែរ នៅម៉ោង ២និង៤៥នាទី។ ជើងហោះហើរនេះមានផ្ទុកមនុស្ស ៦៦នាក់ នៅលើយន្តហោះនោះ រួមទាំង ជនជាតិអេស៊ីប ៣០នាក់ ប្រទេសបារាំង ១៥នាក់ និងអ៊ីរ៉ាក់ ២នាក់ផងដែរ៕

12356801_751386084992376_5909276693250114776_o

មតិយោបល់