ភ្នំពេញៈ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧នេះ លោក រស់ ពិសិដ្ឋ ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការកាត់ទោសជនជាប់ចោទ ២នាក់ ដែលជាអតីតមន្ត្រីសាលារាជធានីភ្នំពេញ ពាក់ព័ន្ធករណី ស៊ីដាច់លុយអ្នកវិនិយោគជាង ៥០០០ដុល្លារ។
លោក សេង ហៀង តំណាងអយ្យការបានចោទប្រកាន់លើជនជាប់ចោទទី១ឈ្មោះ រ័ត្ន បូរី ភេទប្រុស អាយុ ៣៤ឆ្នាំ ជាអតីត ប្រធានការិយាល័យវិនិយោគនៃសាលារាជធានីភ្នំពេញ និងទី២ឈ្មោះ ម៉ៃ វណ្ណារុំ ភេទប្រុស អាយុ ៣៣ឆ្នាំ អតីត បុគ្គលិកការិយាល័យវិនិយោគនៃសាលារាជធានីភ្នំពេញ ពីបទ វីតិក្រម ប្រព្រឹត្តនៅរាជធានីភ្នំពេញ អំឡុងខែសីហា ឆ្នាំ២០១៥ យោងតាមមាត្រា ៥៩២ និងមាត្រា ៥៩៣ នៃ ក្រមព្រហ្មទណ្ឌ និងមាត្រា ៣២ នៃច្បាប់ស្តីពី ការប្រឆាំងអំពើពុករលួយ។
នៅក្នុងសវនាការ ជនជាប់ចោទឈ្មោះ រ័ត្ន បូរី បានឆ្លើយថា នៅអំឡុងខែសីហា ឆ្នាំ២០១៥ មានតំណាងក្រុមហ៊ុនរ៉ាយធិច មកទំនាក់ទំនងការិយាល័យផែនការវិនិយោគ ដើម្បីសុំចុះបញ្ជី បើកក្រុមហ៊ុន។ នៅពេលនោះលោកបានប្រាប់ឲ្យក្រុមហ៊ុនថា ត្រូវចំណាយប្រាក់ចំនួន ២១លានរៀល ដើម្បីបង់ពន្ធចុះបញ្ជី និងប្រាក់ពន្ធ។
ជនជាប់ចោទឈ្មោះ ម៉ៃ វណ្ណារុំ ឆ្លើយថាខ្លួនជាអ្នកទទួលលុយ ចំនួន ២១លានរៀលនោះទុកដោយមិនមានចេញវិក្កយបត្រទទួលប្រាក់ឲ្យក្រុមហ៊ុនទេ។ ជនជាប់ចោទបន្តថា ក្រោយពេលរៀបចំឯកសាររួចរាល់ ខ្លួន និងតំណាងក្រុមហ៊ុនបានយកលុយដែលទទួលបាននោះចំនួន ៧លានរៀល ទៅបង់នៅទីចាត់ការហិរញ្ញវត្ថុរាជធានីភ្នំពេញ។
ឈ្មោះ ម៉ៃ វណ្ណរុំ បានបញ្ជាក់ថា លុយដែលនៅសល់ចំនួន ១៤លានរៀលទៀត គឺខ្លួនជាអ្នករក្សាទុកនៅការិយាល័យផែនការវិនិយោគ ដើម្បីចំណាយលើតម្រូវការផ្សេងៗទៀត ទៅតាមថ្នាក់លើបញ្ជា។
គួររំលឹកថា ជនជាប់ចោទឈ្មោះ រ័ត្ន បូរី និងឈ្មោះ ម៉ៃ វណ្ណារុំ ត្រូវបានលោក ពេជ្រ វិជ្ជាធរ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញចេញដីកាសម្រេចឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃស ម១ កាលពីល្ងាចថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧។
ជនជាប់ចោទត្រូវបាន អង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួននៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៧ និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញនាល្ងាចថ្ងៃដដែល។
ទោះជាយ៉ាងណា សំណុំរឿងនេះត្រូវបានលោក រស់ ពិសិដ្ឋ សម្រេចលើកពេលទៅប្រកាសសាលក្រមនៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ខាងមុខវិញ៕
https://youtu.be/V29gYZnt3kU
មតិយោបល់