ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៦នេះ អង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជូន លោក ស៊ុត ឌីណា មកកាន់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃនេះ ហើយពេលនេះ ស្ថិតក្នុងការសាកសួរពីព្រះរាជអាជា្ញរង មាស ច័ន្ទ ពិសិដ្ឋដើម្បីបន្តសាកសួរអំពី ការប្រព្រឹត្តអំពើពុករលួយ បន្ទាប់ពីសាកសួរនៅ ACU អស់រយៈពេល៤ថ្ងៃ។
សូមជំរាបថា អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានឃាត់ខ្លួន លោក ស៊ុត ឌីណា ឯកអគ្គរាជទូតកម្ពុជា ប្រចាំកូរ៉េខាងត្បូង មកសាកសួរជាលើកទី២។ លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជាក់ថា ការឃាត់ខ្លួនលោក ស៊ុត ឌីណា មកសួរនាំអំពីអំពើពុករលួយ និងបានឃាត់ខ្លួន នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦។
ប្រធាន ACU បានបន្ថែមថា មុននឹងឃាត់ខ្លួននោះ ACU បានរកឃើញតម្រុយជាច្រើន ក្នុងនោះមានព័ត៌មានដែលផ្សាយទៅលើ Facebook អំពីភាពមិនប្រក្រតី របស់លោក ឌីណា ពាក្យប្តឹងពីក្រសួងការបរទេសទាំងនៅភ្នំពេញ និងកូរ៉េខាងត្បូង ហើយ ACU ក៏ធ្លាប់បានបញ្ជូនមនុស្ស៦នាក់ ទៅប្រមូលព័ត៌មាននៅកូរ៉េផងដែរ។
សូមជំរាបថា លោក ស៊ុត ឌីណា បានចាកចេញពីកូរ៉េ មកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី០៣ ខែមេសា និងបានឃាត់ខ្លួននៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦៕
មតិយោបល់