ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

រថយន្តយីឌុបផ្ទុកឈើ៥០ទៅ៦០ម៉ែត្រគូប កំពុងបំផ្លាញផ្លូវជាតិ យ៉ាងធ្ងន់ធ្ងរ

សៀមរាបៈ សកម្មភាពបំផ្លាញព្រៃឈើកំពុងកើតឡើងយ៉ាងគំហុកនៅខេត្តព្រះវិហារ យកមកលក់នៅដេប៉ូឈើនានា នៃខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ ដោយដឹកតាមរថយន្តយីឌុបភ្លៅ៥ ផ្ទុកឈើពី៥០ ទៅ៦០ម៉ែត្រគូបក្នុងមួយរថយន្ត។

សេចក្ដីរាយការណ៍ជាក់លាក់ បានឲ្យដឹងថា សកម្មភាពរថយន្តយីឌុប ដឹកជញ្ជូនឈើចេញពីកងពលលេខ៨ ក្នុងទឹកដីខេត្តព្រះវិហារ យកទៅចែកចាយនៅតាមដេប៉ូនាៗ ក្នុងខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ ដោយឆ្លងកាត់ស្នាក់ការសមត្ថកិច្ចជំនាញជាច្រើនកន្លែងនោះ ត្រូវបានប្រភពអះអាងថា អាជ្ញាធរ និងសមត្ថកិច្ច មិនហ៊ានចេញមុខបង្ក្រាបនោះទេ ដោយមានអ្នករត់ការចំនួន២នាក់ ចេញមុខបង់លុយឲ្យសមត្ថកិច្ចអាជ្ញាធរពាក់ព័ន្ធតាមលក្ខណៈរបៀបពុករលួយដ៏ស្រើបស្រាល។

សេចក្ដីរាយការណ៍ បន្ថែមថា រថយន្តដឹកឈើចេញពីកងពលលេខ៨ នោះមិនមានច្បាប់នោះទេ ដោយសំអាងថា មានអ្នករត់ការ ក៏ប៉ុន្តែបើមានហេតុការណ៍ណាមួយ ដោយអាជ្ញាធរ និងសមត្ថកិច្ចចេញមុខបង្ក្រាបនោះអ្នករត់ការ និងម្ចាស់ឈើឃុបឃិតគ្នាជាមួយមេព្រៃចេញច្បាប់ PC ឲ្យរថយន្តដឹកឈើអត់ច្បាប់ក្លាយជារថយន្តដឹកឈើមាន PC ដោយស្របច្បាប់។

សេចក្ដីរាយការណ៍ បញ្ជាក់ថា ការដឹកជញ្ជូនឈើចេញពីខេត្តព្រះវិហារ ទៅខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ បានកើតមានជាយូរណាស់មកហើយ ក្នុងនោះដែរ ឈ្មួញឈើបានប្រើប្រាស់នូវរថយន្តខ្នាតធំៗ ដោយផ្ទុកឈើជាង៥០ម៉ែត្រគូប បំផ្លាញផ្លូវយ៉ាងធ្ងន់ធ្ងរ អាស្រ័យហេតុនេះហើយ ទើបផ្លូវតែងរងការខូចខាតជាបន្តបន្ទាប់ ដោយគ្មានឃើញសមត្ថកិច្ចជំនាញណាមួយចេញមុខទប់ស្កាត់សោះឡើយ។

គេសង្ឃឹមថា ប្រមុខរដ្ឋាភិបាល នឹងចាត់វិធានការទៅលើជនល្មើសទាំងនោះ ជាក់ជាមិនខាន។ ទាក់ទិនទៅនឹងករណីនេះដែរ Post News មិនអាចស្វែងរកការបំភ្លឺពីមន្ត្រីជំនាញណាមួយបានទេ៕

FB_IMG_1464339213265

មតិយោបល់