ព័ត៌មានជាតិ

គ្រាន់តែរឿងកន្លែងដាក់ខ្យងលក់សោះ បុរស ៥ នាក់ វាយតប់គ្នារហូតរងរបួសទាំងសងខាង ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញៈ គ្រាន់តែរឿងកន្លែងដាក់លក់ខ្យង បុរស៥នាក់ ត្រូវនគរបាលប៉ុស្តិ៍រដ្ឋបាលឃ្មួញ ធ្វើការឃាត់ខ្លួន បន្ទាប់ពីពួកគេមានទំនាស់វាយគ្នាទៅវិញទៅមក បណ្តាលឲ្យរបួសទាំងសងខាង ។

ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង ៧ និង៤០នាទីយប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ នៅចំណុចស្ពានថ្ម ផ្លូវចូលបុរីអង្គរ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមសមត្ថកិច្ច បានបញ្ជាក់ថា ភាគីទីមួយ ឈ្មោះ ឈួន សុវណ្ណ ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរសន្តិសុខឯកជនក្រុមហ៊ុនSSY ស្នាក់នៅភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ទី២ ឈ្មោះ តូយ ណារិន ភេទប្រុស អាយុ៤០ឆ្នាំ មុខរបររត់ម៉ូតូ
ឌុប ស្នាក់នៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ និងទី៣ ឈ្មោះ សៀង ភឿក អាយុ៤៨ឆ្នាំ មុខរបរកម្មករ ស្នាក់នៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។

ចំណែកភាគីម្ខាងទៀត ទី១ ឈ្មោះ ជុំ ចំរើន (ហៅខួច) ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ និងទី២ ឈ្មោះ សាត ឆៃយ៉ា អាយុ២២ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

ប្រភពដដែលបានបន្ថែមថា ភាគីទំនាស់ទាំង២ បានឈ្លោះទាស់សម្ដីគ្នា ផ្ដើមចេញពីរឿងកន្លែងដាក់ខ្យងលក់ ដោយភាគីម្ខាងលក់ដាច់ជាងនៅខាងក្រោយ ទើបភាគីទី២ បានយកខ្យងទៅលក់នៅចំណុចភាគីលក់ដាច់ ពេលនោះក្រុមសន្តិសុខ ដែលជាបងប្អូនភាគីលក់ដាច់ បានប្រាប់ទៅខាងភាគីទី២ថា ឈប់យកខ្យងមកលក់នៅទីនោះទៀត។ លុះដល់ព្រលប់កើតហេតុ ស្រាប់តែភាគីទី២ខឹងក៏ជិះម៉ូតូដឹកប្រពន្ធទៅមើលកន្លែងលក់ខ្យងទៀត ស្រាប់តែភាគីទី១ឃើញក៏ដើរទៅក្របួចកអាវ រករឿងគ្នាទៅវិញទៅមក និងហៅបក្ខពួកមករៀងៗខ្លួន វាយប្រតប់គ្នាបណ្តាលឲ្យរងរបួសទាំងសងខាងតែម្តង។

ក្រោយមកសមត្ថកិច្ចមូលដ្ឋាន ក៏បានចុះទៅឃាត់ខ្លួន ភាគីទាំងសងខាងបានបន្តបន្ទាប់ចំនួន០៥នាក់ យកមកអធិការខណ្ឌ ដើម្បីសាកសួរ៕

មតិយោបល់