ភ្នំពេញៈ បើតាមអ្នកឆ្លើយឆ្លងព័ត៌មាន Post News បានឲ្យដឹងនៅមុននេះថា នាព្រឹកថ្ងៃទី៣០ ខែឧសភានេះ នៅមុខទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ ស្ថិតនៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យនោះ ពុំមានអ្វីប្រែប្រួលធំដុំនៅឡើយទេ បន្ទាប់ពីរដ្ឋសភា បានប្រជុំ និងសម្រេចដើម្បីបើកផ្លូវឲ្យសមត្ថកិច្ច និងតុលាការបន្តចាត់ការលោក កឹម សុខា ទៅតាមផ្លូវច្បាប់។
សេចក្តីរាយការណ៍ បានបន្តថា សកម្មជន និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ (CNRP) ប្រមាណជាង១០០នាក់ កំពុងស្ថិតនៅមុខទីស្នាក់ការ រីឯសមត្ថកិច្ចក៏ពុំឃើញមាននៅឡើយដែរទេ ខណៈសមាជិកគាំទ្របក្សសង្គ្រោះជាតិ បាននាំយកញាត្តិទៅដល់ជាបន្តបន្ទាប់ និងដាក់ទៅថ្វាយព្រះមហាក្សត្រ ដើម្បីសុំអន្តរាគមន៍ពីព្រះអង្គ។
នៅទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ គេសង្កេតឃើញមានសកម្មជនមួយចំនួនបានយកកន្ទេល អង្រឹងទៅដេកនៅទីនោះផងដែរ ដោយមានការជួយឧបត្ថម្ភមានជាទឹកសុទ្ធ និងចំណីអាហារ។ ទន្ទឹមនឹងនោះ អ្នកគាំទ្របក្សសង្គ្រោះជាតិ ក៏ត្រៀមធ្វើបាតុកម្ម នៅពេលណាមានការចាប់ខ្លួនលោក កឹម សុខា នោះ។
ជាមួយគ្នានេះ អង្គការក្រៅរដ្ឋាភិបាលមួយចំនួន ក៏ត្រៀមធ្វើបាតុកម្មគាំទ្រលើសមត្ថកិច្ច និងតុលាការឲ្យចាត់ការរឿងលោក កឹម សុខា តាមច្បាប់។ នៅព្រឹកនេះ កម្លាំងមានសមត្ថកិច្ចមិនទាន់មានសកម្មភាពអ្វីប្លែកទេ ខណៈរដ្ឋសភា បានសម្រេចបើកផ្លូវឲ្យសមត្ថកិច្ច និងតុលាការបន្តចាត់ការលើលោក កឹម សុខា ទៅតាមច្បាប់នោះ៕
មតិយោបល់