ភ្នំពេញៈ នារីរូបស្រស់ម្នាក់បើករថយន្តគិតតែនិយាយទូរស័ព្ទក៏ជ្រុលចង្កូតបុកស្លាកសញ្ញាចរាចរណ៍ ហើយព្យាយាមបើកគេចទាំងបែកកង់ម្ខាង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៤៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចមុខក្តាន់២ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
មុនពេលកើតហេតុគេឃើញរថយន្តម៉ាកកាមរីហាយប្រ៊ីដ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AJ-5756 បើកបរដោយនារីម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីក្នុង ទិសដៅពីកើតទៅលិច ខណៈពេលកំពុងតែបើកបរបានលើកទូរស័ព្ទនិយាយក៏រេចង្កូតទៅបុកស្លាកសញ្ញាចរាចរណ៍បាក់អស់ចំនួនមួយដើម ហើយភ្លាមៗនោះរថយន្តបង្កមិនបានឈប់នោះទេ ថែមទាំងព្យាយាមបើករត់គេចទាំងរថយន្តបែកកង់មុខខាងឆ្វេងទាល់តែទៅមុខលែងរួចបានប្រមាណជា៣០០ម៉ែត្រក៏ត្រូវបានកម្លាំងល្បាតដេញឃាត់បានផងដែរ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះមកធ្វើការវាស់វែង និងស្ទួចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមនីតិវិធីច្បាប់៕
មតិយោបល់