ភ្នំពេញៈ អភិបាលរាជធានីភ្នំពេញលោក ប៉ា សុជាតិវង្ស បានធ្វើការមន្រ្តីណាដែលហ៊ានរៃអង្គាសយកលុយពីការធ្វើផ្លូវ ការធ្វើប្រព័ន្ធលូ និងភ្លើងបំភ្លឺផ្លូវសាធារណៈពីប្រជាពលរដ្ឋ ដោយបញ្ហាទាំងនេះជាការដោះស្រាយរបស់អាជ្ញាធរជូនប្រជាពលរដ្ឋ មិនត្រូវគាបសង្កត់ប្រជាពលរដ្ឋទារលុយពួកគាត់ខុសគោលការណ៍បែបនោះទេ។
លោកបន្តថា ការយកលុយថ្លៃភ្លើងបំភ្លឺសាធារណៈពីប្រជាពលរដ្ឋពីសំណាក់អាជ្ញាធរ នេះហើយបានធ្វើឲ្យមានទំនាស់គ្នារហូតឈានដល់ការបាញ់សម្លាប់គ្នាថែមទៀតនៅក្នុងខណ្ឌចំការមន។ ក្រៅពីនេះការធ្វើលូដើររៃអង្គាសលុយពីប្រជាពលរដ្ឋ១០០ទៅ២០០ដុល្លារក្នុងម្នាក់ៗនៅក្នុងបុរីមួយក្នុងខណ្ឌចំការមននេះដែរ ក៏ទទួលបាននៅការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋយ៉ាងខ្លាំងផងដែរ។ ដូច្នេះ ចាប់ពីពេលនេះតទៅ គឺមិនឲ្យយកលុយពីការធ្វើផ្លូវ លូ និងភ្លើងបំភ្លឺផ្លូវពីប្រជាពលរដ្ឋដាច់ខាត។
ការដាក់បម្រាមបែបនេះត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃទី០៦ មិថុនា ក្នុងកិច្ចប្រជុំស្តីពីបញ្ហាប្រព័ន្ធលូ អណ្តូងលូ និងគម្របលូក្នុងរាជធានីភ្នំពេញ ដោយមានការចូលរួមពីអាជ្ញាធរ ខណ្ឌ និងមន្ទីរពាក់ព័ន្ធចំណុះឲ្យសាលារាជធានីភ្នំពេញជាច្រើននាក់ទៀត។
ក្រៅពីការដាក់បម្រាមខាងលើនេះ លោក ប៉ា សុជាតិវង្ស ក៏បានជំរុញឲ្យមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងទីចាត់ការហិរញ្ញវត្ថុរាជធានីភ្នំពេញ ត្រូវសហការណ៍ជាមួយអាជ្ញាធរខណ្ឌ ដើម្បីសម្រួលក្នុងការជួលជុលផ្លូវក្រលុកសំបុកមាន់ និងលូឲ្យបានល្អប្រសើរនៅមុនរដូវវស្សានេះ ។
លោកបន្តថា ក្នុងមួយឆ្នាំៗថវិកាគម្រោងមូលនិធិខណ្ឌនីមួយៗ ត្រូវបានរាជរដ្ឋាភិបាលសម្រេចប្រគល់ជូនចំនួន៥០០០លានរៀល ដើម្បីយកថវិកាទាំងនោះមកធ្វើការអភិវឌ្ឍន៍នៅក្នុងមូលដ្ឋានខណ្ឌរបស់ខ្លួន។ លើគម្រោងមូលនិធិខណ្ឌនេះលោកស្នើឲ្យមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងទីចាត់ការហិរញ្ញវត្ថុរាជធានីភ្នំពេញ ត្រូវសហការជាមួយអាជ្ញាធរខណ្ឌ ដើម្បីយកប្រាក់មួយចំនួននៃគម្រោងមូលនិធិខណ្ឌនេះទៅប្រើប្រាស់ចំពោះការជួលជុលផ្លូវក្រលុកសំបុកមាន់ និងលូដែលចាំបាច់ ដើម្បីបម្រើភាពចាំបាច់របស់ប្រជាពលរដ្ឋ ហើយបើមានការខ្វះខាតថវិកាជាក់ស្តែងនោះ សាលារាជធានីភ្នំពេញនឹងបន្តជួយបន្ថែមទៀត។
ជុំវិញការជួសជុលការស្ថាបនាផ្លូវ លូ ទាំងនេះដែរ លោក ប៉ា សុជាតិវង្ស ក៏បានជំរុញឲ្យមន្ត្រីដែលអនុវត្តន៍ការងារនេះ ត្រូវពន្លឿនការងារឲ្យបានលឿង ត្រូវប្រាប់ប្រជាពលរដ្ឋឲ្យបានដឹងច្បាស់ពីគម្រោងរបស់ខ្លួនថា តើត្រូវប្រើប្រាស់ពេលវេលាប៉ុន្មាខែ ដើម្បីជៀសវាងការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ ដោយកន្លងមកនេះមានការដ្ឋានមួយចំនួនអនុវត្តការងាររបស់ខ្លួនមិនទាន់បានល្អនៅឡើយទេ ដូចជាការប្រើប្រាស់វេលាយូហួសពីគម្រោងនិងធ្វើហើយទុកចោលមិនបានសំសម្អាតជាដើម។ លោកថា ការចំណាយលុយសន្ធឹកសន្ធាប់ ដើម្បីស្ថាបនាផ្លូវ លូ ទាំងនេះហើយ បែរជាទទួលការក្តៅប្រហាយពីប្រជាពលរដ្ឋថែមទៀតនោះ វាជារឿងមិនល្អទាល់តែសោះ ហើយវាក៏បានប៉ះពាល់ដល់គោលនយោបាយរបស់រាជរដ្ឋា ភិបាលផងដែរ៕
មតិយោបល់