អូស្ត្រាលីៈ មន្ត្រីប៉ូលិស បាននិយាយថា អាកាសធាតុព្រៃ បានវាយបោកបក់ ចូលទៅកាន់ឆ្នេរសមុទ្រ ភាគខាងកើតប្រទេសអូស្ត្រាលី បង្កើតជារលកយក្ស លើឆ្នេរសមុទ្រទីក្រុងស៊ីដនី ដែលបានបណ្ដាលឲ្យមនុស្សចំនួន ៣នាក់ស្លាប់ និងបាត់ខ្លួនជាច្រើននាក់។ នេះបើយោងតាមរយៈ សារព័តមាន channelnewsasia ចេញផ្សាយនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៦។
ព្យុះដ៏ខ្លាំងនេះ បានវាយប្រហារឆ្នេរសមុទ្រអស់រយៈពេលជាងមួយសប្តាហ៍ បណ្ដាលឲ្យជន់លិចនៅរដ្ឋ New South Wales។
បើតាមប៉ូលិស បាននិយាយថា អ្នកមុជទឹកបានរកឃើញសាកសពចំនួនពីរ ចេញពីក្នុងរថយន្ត ដែលត្រូវបានហូរចេញទៅឆ្ងាយ ដោយសារទឹកជំនន់ ភាគនិរតីនៅតំបន់ Leppington ជាយទីក្រុងស៊ីដនី និងតំបន់ប្រជុំជន Bowral ចម្ងាយ ១០០ គីឡូម៉ែត្រពីភាគខាងត្បូងទីក្រុង។
ក្រុមអាជ្ញាធរ បាននិយាយថា សាកសពទីបី ត្រូវបានគេរកឃើញនៅក្បែរ ទន្លេជន់លិចទឹកមួយ ឆ្លងកាត់ជិតទីក្រុងកង់បេរ៉ា ដែលក្រុមសង្គ្រោះ បានព្យាយាមជួយសង្គ្រោះគាត់ដែរ តែត្រូវបរាជ័យដោយសារអាកាសធាតុ និងទឹកជំនន់កើនឡើងយ៉ាងឆាប់រហ័ស៕




មតិយោបល់