បន្ទាយមានជ័យៈ បន្ទាប់ពីមានការចរាចរនៅក្រដាសប្រាក់រៀលក្លែងក្លាយប្រភេទ១ម៉ឺនរៀន លើអាជីវករលក់ប្រេងក្នុងសង្កាត់អូរអំបិលក្រុង សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពីចុងសប្តាហ៍កន្លងទៅរួចមក លោក ហេង ទួង នាយកសាខាធនាគារ ជាតិកម្ពុជា ខេត្តបន្ទាយមានជ័យ បានដឹកនាំមន្ត្រី្ត ជំនាញចុះដកហូតក្រដាសប្រាក់រៀលក្លែងក្លាយនោះមករក្សារទុក និងបានណែនាំពន្យល់ប្រជាពលរដ្ឋ បានយល់ពីក្រដាសប្រាក់ពិត និងក្លែងក្លាយ នាព្រឹកថ្ងៃទី៧ មិថុនា២០១៦នេះ។
លោក ហេង ទួង នាយកសាខាធនាគារ ជាតិកម្ពុជាខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានថា មានក្រដាសប្រាក់រៀលប្រភេទ១ម៉ឺនរៀលក្លែងក្លាយចាយវាយក្នុងខេត្តលោកក៏បានដឹកនាំងមន្ត្រីរបស់លោកចុះត្រួតពិនិត្យដល់អាជីវករលក់សាំងឈ្មោះ ឡា ភ្លាមឃើញថា លុយក្រដាក់ប្រាក់១ម៉ឺនរៀល១សន្លឹក ដែលត្រូវគេបង្កប់ជាមួយលុយមួយម៉ឺនរៀលសុទ្ធក្នុងខ្ទាស់ ១០ម៉ឺន ជាលុយក្លែងក្លាយកូបពីវាមានសណ្ឋានស្ទើរដូចលុយពិត។ ជាមួយគ្នានោះលោក ក៏បានសុំដកហូតក្រដាសប្រាក់១ម៉ឺន រៀលមករក្សាទុក និងបានណែនាំដល់ប្រជាពលរដ្ឋដែលមានការសង្ស័យលើប្រាក់រៀល ឬក៏ទទួលបានសូមរាយការណ៍មកធនាគារជាតិ ដើម្បីមន្ត្រីជំនាញយើងចុះពិនិត្យនិងចាត់វិធានការតាមផ្លូវច្បាប់។
សូមបញ្ជក់ថា កាលពីថ្ងៃទី៥ មិថុនា២០១៦កន្លងទៅនេះអាជីវករលក់សាំងនៅមុខផ្សារអូរអំបិលក្នុងសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ម្នាក់ឈ្មោះ ចែ ឡា បាន ទទួលក្រដាសប្រាក់រៀលក្លែងក្លាយ ប្រភេទ១ម៉ឺនរៀលមួយសន្លឹក ដែលជាប់នៅក្នុងខ្ទាស់លុយប្រភេទ១ម៉ឺនរៀលដូចគ្នាពីអ្នកទិញប្រេងដោយពុំដឹងថា ជាអ្នកណាមួយ លុះរហូតដល់ល្ងាច យកលុយមករាប់បូកសរុបក៏ឃើញគួរឲ្យសង្ស័យ ទើបយកសួរគេដឹងថា លុយជាលុយក្លែងក្លាយ។
អាជីវកររូបនេះ បានឲ្យដឹងទៀតថា នេះជាលើកទី១ហើយ ដែលគាត់ទទួលបានលុយក្លែងក្លាយ ដោយធ្លាប់តែឮសួរអ្នកជិតខាងនិយាយ និងធ្លាប់ទទួលបានលុយប្រភេទនេះកាលពីឆ្នាំទៅ ។ ចំពោះលុយក្លែងក្លាយប្រភេទក្រដាសប្រាក់១ម៉ឺនរៀលនេះ គាត់នឹងរក្សាទុកមិនចាយវាយទេ គ្រាន់ទុកជាគំរូសម្រាប់ថ្ងៃក្រោយ។
សូមបញ្ជាក់ថា ជាញឹកញាប់ក្រដាសប្រាក់ក្លែងក្លាយប្រភេទ១ម៉ឺនរៀល តែងត្រូវបានជនខិលខូចបន្លំចែកចាយ តាមរយៈកន្លែងអាជីវករលក់តូចតាច តាមផ្លូវ នៅក្នុងសង្កាត់អូរអំបិល និងព្រះពន្លា ក្រុងសិរីសោភ័ណ ដែលការចែកចាយនេះ មិនមានលក្ខណៈធំដុំជាច្រើនសន្លឹកឡើយ គឺតែងបន្លំជាមួយក្រដាសប្រាក់សុទ្ធប្រភេទម៉ឺនដូចគ្នា ឬយកទិញនំ ដើម្បីឲ្យអ្នកលក់នំ អាប់ជាលុយសុទ្ធឲ្យ ។ ការចែកចាយលុយនេះ គឺមានស្ទើររាល់ឆ្នាំ ហើយច្រើនឆ្នាំមកហើយ ពុំទាន់ត្រូវបានសមត្ថកិច្ចបង្ក្រាបបានឡើយ ។
ជាមួយ និងការចរាចរក្រដាសប្រាក់ក្លែងក្លាយនេះដែរ ស្នងការនគរបាលខេត្តបន្ទាយមានជ័យកំពុងធ្វើការស្រាវជ្រាវ ដើម្បីកំណត់មុខសញ្ញា និងឈានដល់ការឃាត់ខ្លួនជនសង្ស័យដែលផលិត និងចរាចរក្រដាសប្រាក់ក្លែងក្លាយនេះ៕
មតិយោបល់