ភ្នំពេញៈ នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦នេះ លោក លី លិបម៉េង ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នពេញ បានលើកយកសំណុំរឿងជួញដូរដោយខុសច្បាប់នូវសារធាតុញៀនមកបើកសវនាការលើអង្គសេចក្តី ប៉ុន្តែ សវនាការពេញមួយព្រឹកនេះ មិនទាន់បានបិទបញ្ចប់ទេដោយលើកពេលទៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៦ ខាងមុខ។
ការសម្រេចលើកពេលនេះ ត្រូវបានលោក លី លិបម៉េង បញ្ជាក់ក្នុងសវនាការថា ដោយសារតែតុលាការត្រូវការកោះហៅសាក្សីពាក់ព័ន្ធមួយចំនួនទៀតមកបំភ្លឺក្នុងសវនាការ។
ជនជាប់ចោទនៃសំណុំរឿងនេះ រួមមានទី១ឈ្មោះ ហៃ លី ភេទប្រុស អាយុ ៥៧ឆ្នាំ មុខរបរ ថៅកែក្រុមហ៊ុន ហៃ លី ត្រេនឌីង ជនជាតិខ្មែរ និងទី២ឈ្មោះ លីន តុងហ័រ ហៅ តុង ភេទប្រុស អាយុ ៤៣ឆ្នាំ មុខរបរ មិនពិតប្រាកដ ជនជាតិចិន។
ជនជាប់ចោទទាំង២នាក់ត្រូវបានលោក ចែ សុង តំណាងអយ្យការចោទប្រកាន់ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ចំនួន ៩៨,៨១ក្រាម ប្រព្រឹត្តនៅម្តុំផ្សាររាត្រី កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៦ បទល្មើសដែលមានចែងឱ្យផ្តន្ទាទោសតាមមាត្រា៤០ នៃច្បាប់ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន។
នៅក្នុងសវនាការកាលពីព្រឹកមិញនេះ ជនជាប់ចោទទាំង២នាក់ បានបដិសេធថា ពួកគេមនបានប្រព្រឹត្តដូចការចោទប្រកាន់របស់តំណាងអយ្យការនោះទេ៕
មតិយោបល់