ភ្នំពេញៈ បន្ថែមពីលើការអំពាវរបស់អ្នកនាង ចន ច័ន្ទលក្ខិណា ដែលអំពាវនាវឲ្យតុលាការជួយស្វែងរកយុត្តិធម៌ឲ្យកញ្ញា ពៅ បញ្ញាពេជ្រ ឲ្យបានដូចគ្នានឹងការជ្រោមជ្រែងលើនាង ខុម ច័ន្ទតារ៉ាទី ហៅស្រីមុំ ប្រធានសមាគមសិល្បករខ្មែរ ក៏បានបង្ហោះសារទទូចឲ្យមានការគិតគូរ ដូចគ្នាលើ ពៅ បញ្ញាពេជ្រ និងសិល្បការិនីដែលមិនទាន់មានយុត្តិធម៌ផ្សេងទៀត។
លោក សុះ ម៉ាច បានបង្ហោះសំដៅទៅលើ ពៅ បញ្ញាពេជ្រ ថា «ក្នុងនាមស្រ្តីខ្មែរដូចគ្នា តុលាការគួរតែស្វែងរកយុត្តិធម៌ឲ្យនាង(ពៅ បញ្ញាពេជ្រ) និងសិល្បការិនីដទៃទៀតដែលរងគ្រោះដោយការបាញ់ប្រហារ និងជះទឹកអាស៊ីដ ស្លាប់ របួសពិការអស់ជាច្រើនឆ្នាំមកហើយ! យុត្តិធម៌ត្រូវតែមានចំពោះស្ត្រីខ្មែរទូទៅ មិនថាប្រជាពលរដ្ឋ រឺសិល្បការិនីនោះឡើយ! ខ្ញុំសូមគាំទ្រជានិច្ចនូវរាល់ចំណាត់ការបស់តុលាការក្នុងការស្វែងរកយុត្តិធម៌ប្រកបដោយតម្លាភាពដល់ស្ត្រីខ្មែរទូទៅ!!ក្នុងន័យប្រយោជន៏ដើម្បីលើកស្ទួយនិងឲ្យតម្លៃដល់សុភាពស្ត្រីខ្មែរយើង!»។
ការអះអាងរបស់លោក សុះ ម៉ាច គឺជាការលើកឡើងដែលជំរុញឲ្យប្រព័ន្ធតុលាការមានភាពយុត្តិធម៌ ចំពោះនារីរងគ្រោះទូទៅ ជាពិសេស គឺចំពោះតារាសិល្បការិនី គឺកញ្ញា ពៅ បញ្ញាពេជ្រ ជាដើម ក្នុងពេលដែលតុលាការ ត្រូវមហាជនកត់សម្គាល់ថា បានដើរតួយ៉ាងសំខាន់ជួយដល់កញ្ញា ខុម ច័ន្ទតារ៉ាទី ហៅ ស្រីមុំ ដែលជាប់ពាក់ព័ន្ធនឹងស្នេហាជាមួយលោក កឹម សុខា ដោយត្រូវតុលាការ បញ្ជាក់ថា ដើម្បីជួយនាងឲ្យទទួលបានយុត្តិធម៌ពីការរំលោភបំពាន។
ការលើកឡើងរបស់លោក សុះ ម៉ាច ក៏ត្រូវគេមើលឃើញថា ជួយឲ្យតារាសិល្បៈដែលរងគ្រោះ ហើយមិនទាន់ទទួលបានយុត្តិធម៌ មានកម្លាំងចិត្តតស៊ូផងដែរ ដោយសារតែមានអ្នកគិតគួរអំពាវនាវឲ្យមានការនឹកនាដល់ពួកនាង ក្រោយពេលគេលែងគិតគួរអស់ច្រើនឆ្នាំមកហើយនោះ៕









មតិយោបល់