ព័ត៌មានជាតិ

អ្នកមានអំណាច ចាក់ដីលុបបឹង និងលុបផ្លូវទឹកដែលហូរកាត់ស្ពានផ្លូវជាតិលេខ៦

បន្ទាយមានជ័យៈ ​សកម្មភាព​ចាក់​ដី​លុប​បឹង​ប្រឡាយ​ពី​សំណាក់ ​អ្នកមានអំណាច ​អ្នកមាន​ខ្សែស្រឡាយ​ និង​មាន​លុយ ​កំពុង​កើតមាន​ពេញបន្ទុក​នៅ​ទី​រួម​ខេត្តបន្ទាយមានជ័យ ​ទោះបី​ជាមាន​ការ​ចុះ​ហាមឃាត់​ពី​សំណាក់​អាជ្ញាធរ ជា​ច្រើនដង​ក៏ដោយ ​ក៏​ការបំពាន​ល្មើសច្បាប់​នេះ​នៅតែ​កើត​មាន។

ជាក់ស្តែង​កាលពី​ព្រឹក​ថ្ងៃទី​០៩ មិថុនា ២០១៦ សមត្ថកិច្ច​ចម្រុះ​ដឹកនាំ​ដោយ​លោក ​លី សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ​ បាន​ចុះ​ពិនិត្យ ​និង​ដាក់​វិធានការ​ហាមឃាត់ ​ដើម្បី​ចាក់​លុប​បឹង និង​ផ្លូវទឹក​ចេញ​វិញ ​លើដី​របស់​អ្នក​មានបុណ្យ​ស័ក្តិ ​ផ្កាយ​២​មួយរូប ​ដែល​កំពុង​ចាក់​លុប​បឹង និង​ផ្លូវទឹក​ចំណុច​ខាងជើង​ស្ពាន​ទី​១ ផ្លូវ​ជាតិ​លេខ​៦ ក្នុង​សង្កាត់​កំពុងស្វាយ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោក លី សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ បន្ទាប់ពី​ដឹកនាំ​មន្ត្រី​នៃ​មន្ទីរ​ស្ថាប័ន​ ​ចម្រុះ រួមមាន​មន្ទីរ​ធនធានទឹក ​មន្ទីរ​សាធារណៈការ មន្ទីរ​សុរិយោដី និង​អភិបាលក្រុង​ចៅសង្កាត់ ​លើ​ទីតាំង​ខាងលើ ​ដែល​កំពុង​មាន​ការចាក់​ដី​ លុប​បឹង ​និង​ចាក់​ដី​កាត់មុខ​ប្រឡាយ ទឹក​ដែល​ត្រូវ​ហូរ​​ឆ្លងកាត់​ក្រោម​ស្ពាន ​សម្រាប់​រំដោះ​ទឹកជំនន់​ពី​ក្រុង​សិរីសោភ័ណ ​បានឲ្យដឹងថា ​តាម​មន្ទីរ​ជំនាញ​សាធារណការ ​បាន​និយាយថា​ ផ្លូវ​ជាតិ​លេខ​៦​ គិតពី​អ័ក្ស​ផ្លូវ​សងខាង គឺ​២៥​ម៉ែត្រ ចំណែក​ធនធាន​ទឹក​ការ​ចាក់ដី​ដូច្នេះ ធ្វើឲ្យ​រាំងស្ទះ​ផ្លូវទឹក​អាច​បង្ក​ឲ្យ​ទៅជា​ទឹកជំនន់ ​ជន់​លិច​នៅ​ផ្នែក​ខាងលើ​នៃ​ស្ពាន​ទី​១ ជាពិសេស​គឺ ​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​កំពុងស្វាយ ​ក្រុង​សិរីសោភ័ណ តែម្តង។

ដោយឡែក ​បើ​តាម​មន្ទីរ​សុរិយោដី ​ជា​គោលការណ៍​ទីតាំង​ខាងលើ​គិត​ពី​ក្បាលស្ពាន​៩០​ម៉ែត្រ ពុំមាន​ប័ណ្ណ​កម្ម​សិទ្ធ​ឡើយ ​តែ​ពុំ​ដឹក​មូលហេតុ​អ្វី​បាន​មានការ​ចាក់ដី​បែបនេះ។

បើតាម​ការ​ឲ្យដឹង​ពី​អាជ្ញាធរ​មូលដ្ឋាន ដី​ដែល​ត្រូវ​បាន​ចាក់ដី​លុប​នេះ ជា​តំបន់​អានាធិបតេយ្យ ហើយ​សម័យ​សង្គ្រាម​គឺជា​បារ៉ែត ​តែ​បច្ចុប្បន្ន​ត្រូវ​បាន​ប្រជាពលរដ្ឋ​សង់​លំនៅដ្ឋាន លើ​ប្រឡាយ​ទឹក ហើយ​ដី​ខាងលើ​ត្រូវ​បាន​ចាក់​លុប​ដោយ​ឈ្មោះ ឡៅ សុខ​ហួរ ជា​សមត្ថកិច្ច​ពាក់​ផ្កាយ​២។

ទាក់ទង និង​បញ្ហា​ខាងលើនេះ លោក លី សារី ​បានដាក់​ចេញ​នូវ​វិធានការណ៍ ឲ្យ​អាជ្ញាធរ ក្រុង​សង្កាត់ ស្រាវជ្រាវ​រក​ឯកសារ​ពាក់ព័ន្ធ​ដែល​ឈាន​ដល់​ការចាក់ដី​នេះ ដើម្បី​រាយការណ៍​ចោល ហើយ​កោះហៅ​ម្ចាស់​ដី​ឲ្យ​កាយ​ដី​ចេញ​ដូច​ស្ថានភាព​ដើម​ ក្រោយ​មន្ទីរ​ពាក់ព័ន្ធ​បោះបង្គោល​កំណត់​ដី​ចំណីផ្លូវ ​ដី​បឹង​ប្រឡាយ។ បើសិន​ម្ចាស់​ដី​មិន​អនុវត្តតាម ​យើង​នឹង​ចាត់​វិធានការណ៍​ទៅតាម​ផ្លូវ​ច្បាប់។

​ក្រៅពី​ដី​ចំណុច​ខាងលើ ដែល​ចាក់​លុប​បឹង​ប្រឡាយ​នៅ​មាន​ទីតាំង​ជាច្រើន​ទៀត​ដូចជា នៅ​ខាង​ផ្លូវជាតិ​លេខ​៥ ​ចំណុច​ស្ពាន​តា​ផាន់ ​ក៏បាន​ការ​ចាក់ដី​លុប​ប្រឡាយ​ទឹក​ដែល​បំបែក​ពី​ប្រឡាយ​មេ​ស្ពាន​តាម​ផាន់​ដែរ ​ក៏​ធ្លាប់​ត្រូវ​បាន​អាជ្ញាធរ​ចុះ​ហាមឃាត់​២​ដង ​នៅតែ​បន្ត​ចាក់​ដោយ​អាង​អំណាច​អ្នកធំ​ពីក្រោយ​ខ្នង៕

image3image2 (3)image4

មតិយោបល់