ព័ត៌មានជាតិ

ភ្លេចមើលផ្លូវ បុរសម្នាក់រវល់ចុចទូរស័ព្ទ​ ក៏បើករថយន្តទៅបុករបាំងថ្ម ពុះចែកផ្លូវពេញទំហឹង!

ភ្នំពេញ: ​បុរសម្នាក់ បានបើករថយន្តក្នុងល្បឿនយ៉ាងលឿន ខណ:ដែលកំពុងរវល់ចុចទូរស័ព្ទ ក៏រេចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ បណ្តាលឲ្យខ្ទាតចេញពីជួរអស់១កង់ ចំណែករថយន្តវិញ រងការខូចខាតផ្នែកខាងមុខចំហៀងខាងឆ្វេងយ៉ាងដំណំ។

ហេតុការណ៍នេះ បានកើតទ្បើងកាលពីវេលាម៉ោង២ និង២០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៥ ខែសីហា​ ឆ្នាំ២០១៨នេះ ស្ថិតនៅតាមបណ្តោយផ្លូវ២៧១ កែងផ្លូវ១៥៩ ស្ថិតក្នងសង្កាត់ ទឹកល្អក់ទី២ ខណ្ឌទួលគោក ។

ប្រភពពីអ្នកដែលនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្តម៉ាក Pirus មួយគ្រឿង ពណ៌​ស ពាក់ស្លាកលេខភ្នំពេញ 2U-3108 ធ្វើដំណើរតាមផ្លូវ២៧១ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ​បុរសដែលជាអ្នកបើករថយន្ត បានយកទូរស័ព្ទមកចុចមើល ក៏ស្រាប់តែរេចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យខ្ទាតចេញពីជួរអស់មួយកង់ រីឯរថយន្តវិញរងការខូចខាត​ និងបែក​កាឡេ​កង់មុខខាងឆ្វេងផងដែរ តែសំណាង​ល្អមិនបណ្ដាលឲ្យមានអ្នករងរបួសទ្បើយ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើត រួចទាក់ទងទៅកាន់សមត្ថកិច្ច​ ជំនាញចុះមកវាស់វែង និងស្ទូចរថយន្តយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំភាគីម្ចាស់រថយន្ត មកធ្វើការដោះស្រាយតាមច្បាប់៕

មតិយោបល់