ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត ព្រឹត្តិការណ៍ សំខាន់ៗ

សុខ ជំនោរ និងប្អូនស្រី រក្សាជំហរស្ងៀមស្ងាត់ ក្នុងពេលរឿងអាស្រូវឡើងកម្ដៅខ្លាំង

ភ្នំពេញៈ ខុសពីជនរងគ្រោះភាគច្រើន ដែលប្រឹងរៀបរាប់ពីទុក្ខលំបាក និងចង់បញ្ចេញនូវជំហរទាមទារដើម្បីកុំឲ្យយុត្តិធម៌ ដែលត្រូវជាន់ឈ្លី ត្រូវគេមើលរំលង ក្រោយពីជនអនាមិកបានបង្ហោះរូបអាក្រាតរបស់ វ៉ាន់ នីឡា តារាចម្រៀងផលិតកម្ម Phleng Record ធ្វើឲ្យនាង និងគ្រួសារទាំងមូល រងការអាម៉ាស់ លោក សុខ ជំនោរ និងកញ្ញា វ៉ាន់ នីឡា ខ្លួនឯងផ្ទាល់ បែរជាប្រកាសជំហរនៅស្ងៀម ក្នុងពេលការសម្ភាសន៍របស់អ្នកទាំងពីរ ត្រូវបានមហាជនភាគច្រើនចង់ដឹង។ ក្រៅពីបានបញ្ជាក់ចុងក្រោយថា ជនដែលបង្ហោះរូបថតទាំងនោះ កំណត់មុខសញ្ញាបានហើយ ភាគីទាំងពីរ បានប្រកាសឡើងសុំនិយាយឲ្យតិចជាងចាំមើលទៅវិញ។

លោក សុខ ជំនោរ អតីតកវីនិពន្ធដ៏ល្បីមួយរូប ប្រចាំផលិតកម្មហង្សមាស បានឆាតតបជាមួយនឹងការសុំសម្ភាសន៍របស់សារព័ត៌មាន Post News កាលពីល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦ ថា លោកសុំសិទ្ធិមិនឆ្លើយសំណួររបស់អ្នកកសារព័ត៌នោះទេ ដោយសារតែលោកចង់អានឲ្យបានច្រើនជាងការនិយាយ។ ក្នុងនោះ លោកក៏បានបញ្ជាក់ក្នុងន័យវាយតម្លៃទៅកាន់សំណេរមួយចំនួន ដែលលោកចង់សំដៅថា មួយចំនួន គឺមានវិជ្ជាជីវៈ និងមួយចំនួនមិនមានវិជ្ជាជីវៈ ពាក់ព័ន្ធនឹងរឿងរ៉ាវប្អូនស្រីរបស់ខ្លួន។ «ខ្ញុំចង់អានច្រើនជាងនិយាយនៅពេលនេះ។ គ្រប់អ្នកសរសេរអត្ថបទពីគ្រប់សារព័ត៌មាន ខ្លះជាជនអនាមិក ខ្លះអាជីព ខ្ញុំគ្រាន់តែសិក្សាអ្នកសរសេរ តាមរយៈស្នាដៃសរសេរតែម្ដង»។ សុខ ជំនោរ បញ្ជាក់។

មិនខុសគ្នាដែរ នៅលើហ្វេសប៊ុករបស់លោកឯណោះវិញ ក៏បង្ហោះឲ្យដឹងពីជំហរនៅស្ងៀម ដើម្បីកុំឲ្យមានការងឿងឆ្ងល់ថា អ្វីជាអាថ៌កំបាំងនៅពីក្រោយ ដែលលោកមិនធ្វើការឆ្លើយសំណួររបស់អ្នកកាសែត ក្រោយពីរឿងរ៉ាវកាន់តែឡើងកម្ដៅនោះដែរ។ លោកបានសរសេរថា «សូមអរគុណបងប្អូន មិត្តភក្តិ អ្នកគាំទ្រ ក្រុមករងារ ដែលផ្តល់យោបល់ សហការ លើកទឹកចិត្ត ចូលរួម ទប់ស្កាត់ ចែករំលែកគំនិត ដល់ខ្ញុំ ប្អូនស្រី ជាពិសេសគ្រួសារខ្ញុំ។ សូមអធ្យាស្រ័យបណ្តាអ្នកសារព័ត៌មានដែលទាក់ទងមកខ្ញុំ ហើយខ្ញុំមិនបានតប ព្រោះថ្ងៃនេះជាប់ថត ខ្ញុំមិនបានតាមដានស្ថានការណ៍ ចឹងមិនទាន់ដឹងថា គួរជម្រាបថា វិវឌ្ឍន៍បែបដូចម្តេច តែយ៉ាងណាខ្ញុំអរគុណផងដែរ»

កញ្ញា វ៉ាន់ នីឡា ឯណោះវិញ ក៏បានបដិសេធមិនធ្វើបទសម្ភាសន៍ផងដែរ ដោយនាងអះអាងថា រឿងរ៉ាវដែលបានកើតឡើង គឺទុកឲ្យច្បាប់ជាអ្នកដោះស្រាយ ដោយនាងសុំសិទ្ធិមិនធ្វើការបកស្រាយ។ បើទោះជា សុំឲ្យនាងធ្វើការឆ្លើយតបនឹងការប្រកាសរបស់លោក សិទ្ធិស័ក្ដ អតីតសង្សារ ដែលថា ការបែកធ្លាយរូបអាក្រាត គឺជាការប្រឌិតរបស់បុគ្គលផ្សេង មិនមែនលោក និងដោយសារតែភាពចង់ល្បីរបស់ វ៉ាន់ នីឡា ក៏តារាស្រីរូបនេះ សុំមិនឆ្លើយតបដែរ៕

មតិយោបល់