ព័ត៌មានជាតិ

កន្លះម៉ោងប៉ូលិសចាប់ខ្លួនបាន២នាក់ នៅខណ្ឌច្បារអំពៅ

ភ្នំពេញ: កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ បានធ្វើការឃាត់ខ្លួនបុរសពីរនាក់ជាបន្តបន្ទាប់ ដែលបុរសម្នាក់ ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងការប្រើប្រាស់ថ្នាំញៀន និងម្នាក់ទៀត ចាប់ខ្លួនតាមដីកាពាក់ព័ន្ធគ្រឿងញៀនដូចគ្នា។ ប្រតិបត្តិការចាប់ខ្លួនបុរសទាំងពីរ ធ្វើឡើងតាំងពីម៉ោង១០ដល់ម៉ោង១០៖៣០នាទី យប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦ នៅក្នុងទឹកដីសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

នគរបាលខណ្ឌច្បារអំពៅ បានឲ្យដឹងថា កាលពីវេលាម៉ោង១០៖០០នាទី យប់ថ្ងៃទី១០ ខែមិថុនា សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ហ៊ឹម សម្បត្តិ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរបើកបររថយន្ត ស្នាក់នៅភូមិជ្រោយអំពិល១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ពីបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចមុខផ្ទះគ្មានលេខ ភូមិជ្រោយអំពិល១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។ ក្រោយឃាត់ខ្លួន សមត្ថកិច្ចដកហូតបានវត្ថុតាង រួមមាន ម្សៅក្រាមពណ៌សថ្លា (សង្ស័យជាថ្នាំញៀន) ចំនួន១កញ្ចប់តូច។

ប្រភពដដែលបន្តថា លុះដល់វេលាម៉ោង១០៖៣០នាទី យប់ថ្ងៃដដែល នគរបាលប៉ុស្ដិ៍ក្បាលកោះ ក៏បានធ្វើការចាប់ខ្លួនជនសង្ស័យម្នាក់ទៀត តាមដីកាបង្គាប់ឲ្យចាប់ខ្លួន លេខ១៣៤ “ធ”ដចន ចុះថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៦ ដោយលោក សេង លាង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចមុខវត្តចំប៉ា ស្ថិតក្នុងភូមិក្បាលកោះ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦។ ជនសង្ស័យឈ្មោះ លន់ ផល្លា ហៅ ឡាយ ផល្លា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិជ្រោយអំពិល២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។ ជនសង្ស័យត្រូវចាប់ខ្លួននៅចំណុចភូមិជ្រោយអំពិល១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់