ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

Simphony ប្រគុំតន្រ្តីបង្ហាញពីសមត្ថភាពសិស្ស ក្រោយពេលបញ្ចប់វគ្គ

ភ្នំពេញៈ ដោយទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សាលាតូរ្យតន្ត្រីស៊ីមហ្វូនី (Simphony) ដែលទទួលបានជោគជ័យខ្លាំងខាងបង្ហាត់បង្រៀនតូរ្យតន្ត្រី និងសិល្បៈគំនូរនោះ នារសៀលថ្ងៃអាទិត្យ ទី១២ ខែមិថុនានេះ បានរៀបចម្ការប្រគុំតន្រ្តី ប្រចាំឆ្នាំលើកទី៦ របស់ខ្លួនក្រោមប្រធានបទ For Children by Children ដើម្បីបណ្តុះជំនាញផ្នែកតូរ្យតន្រ្តីឲ្យដល់កម្រិតអន្តរជាតិ និងបង្ហាញពីសមត្ថភាពរបស់សិស្សនៅក្រោយពីបញ្ចប់វគ្គនៅសាលាអន្តរជាតិ អាយអេសភីភី (ISPP)។

ជាមួយនឹងការចាប់ផ្តើមដំណើរការផ្នែកតន្ត្រីដំបូងគេបង្អស់នៅក្នុងឆ្នាំ២០១០ មកទល់នឹងពេលនេះ មានកំណើនសិស្សកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំគួរឲ្យកត់សម្គាល់។ លោក Marcin Maciejewski អគ្គនាយកសាលាតូរ្យតន្ត្រីស៊ីមហ្វូនី បានឲ្យដឹងថា ការអប់រំ គឺជាផ្នែកមួយដ៏សំខាន់នៃសង្គមជាតិកម្ពុជា ពិសេសការអប់រំផ្នែកតូរ្យតន្រ្តី និងសិល្បៈគំនូរជាជំនួយដល់ការស្ថាបនាអត្តចរិក ទំនុកចិត្ត និងផ្តល់នូវតុល្យភាពជីវិត ពីកុមារភាពរហូតដល់ពេញវ័យ។

លោកមានប្រសាសន៍ទៀតថា «ការរៀននេះមិនមែនគាត់យកទៅលេងជាអាជីពទេ តែពួកគាត់យកទៅលេង ដើម្បីឲ្យខ្លួនគាត់រឹងប៉ឹង មានការចងចាំល្អ ឆ្លាតវៃក្នុងការសិក្សា ហើយវាក៏ជាផ្នែកមួយជំរុញឲ្យជីវិតសប្បាយរីករាយដែរ។ ថ្មីៗនេះសាលាយើងមានជំនាញសិល្បៈ Art ទៀត ក្មេងអាយុចាប់ពី៥ឆ្នាំទៅអាចរៀនគូរគំនូរ ផាត់ពណ៌បាន ដោយពួកគេអាចមានឱកាសចេះភាសាខ្មែរ អង់គ្លេស និងចិន ក្នុងកម្មវិធីសិក្សារបស់យើងទៀតផង ពិសេសឱ្យយល់ច្បាស់ពីតំលៃនៃ តូរ្យតន្រ្តី និងសិល្បៈគំនូរ»

ក្រោមវត្តមានភ្ញៀវកិត្តិយស និងសិស្សានុសិស្សប្រមាណជា២០០នាក់ លោក យស ច័ន្ទដារ៉ា ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងថា កម្មវិធីនេះ ធ្វើឡើង ដើម្បីឲ្យសិស្សមានភាពសប្បាយរីករាយ នៃតន្ត្រីភាពច្នៃប្រឌិតនៃគំនូរ និងដើម្បីឲ្យពួកគេមានឱកាសបញ្ចេញសមត្ថភាពដែលបានរៀនសូត្របញ្ចប់វគ្គរបស់ពួកគេ។ លោកបញ្ជាក់ថា “តាមរយៈសាលាតូរ្យតន្រ្តីស៊ីមហ្វូនីនេះ ខ្ញុំបានធ្វើជាតំណាងប្រទេសកម្ពុជា ទៅចូលរួមវេទិកាតន្រ្តីនៅតំបន់អាស៊ីអាគ្នេយ៍ ដែលវេទិកានោះ ជាផ្នែកតូរ្យតន្រ្តីទាំងអស់មកពីទូទាំងពិពលោក និងបានលើកឡើងងនូវសំណើឲ្យមានការប្រគុំដែលជាឱកាសក្នុងការផ្លាស់ប្តូរនូចំណេះដឹង និងបទពិសោធន៍រវាងសិស្ស និងសិស្ស បុគ្គលិកផ្នែកអប់រំតន្រ្តី ដែលនឹងរៀបចំនៅក្នុងប្រទេសកម្ពុជា នាពេលប៉ុន្មានឆ្នាំខាងមុខទៀតនេះ”

គួររំឭកថា កាពីខែមេសា ឆ្នាំ២០១៤កន្លងទៅនេះ សាលាតូរ្យតន្រ្តី និងសិល្បៈគំនូរ Simphony ធ្វើជាតំណាងប្រទេសកម្ពុជា បានរៀបចំ INTERNATIONAL JAZZ DAY តបតាមការអញ្ជើញពី Herbie Gancock UNESCO Goodwill Ambassader for Intercuitural Dialogue and Tom Canter Presidend of Thioniuos Monk Institute of Jazz។ ព្រឹត្តិការណ៍នេះ បានប្រារពធ្វើនៅជាង១៤០ប្រទេស ក្នុងពេលដំណាលគ្នា ហើយការចូលរួមរបស់សាលាតូរ្យតន្រ្តី និងសិល្បៈគំនូរ ស៊ីមហ្វូនី បានបង្ហាញពីរាជធានីភ្នំពេញ នៅលើផែនទីពិភពលោកផងដែរ៕

មតិយោបល់