ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត ព្រឹត្តិការណ៍ សំខាន់ៗ

ហ្សូណូ ហ្វឹកហាត់អាជីពប្រដាល់

ភ្នំពេញៈ យោងតាមការអះអាងរបស់លោក សេន ប៊ុនថេន ជាកីឡាករល្បីឈ្មោះ និងជាគ្រូបង្វឹកការប្រដាល់បានអះអាងថា តារាចម្រៀងហង្សមាស លោក ហ្សូណូ បានចូលមកហ្វឹកហាត់ប្រដាល់ជាមួយខ្លួនប្រមាណជាមួយរយៈមកហើយ។ យ៉ាងណាមិញ លោកមិនមែនហ្វឹកហាត់ ដើម្បីប្រែខ្លួនជាអ្នកប្រដាល់នោះទេ គឺគ្រាន់តែ ដើម្បីរករាងស្អាត និងដើម្បីឲ្យមានសុខភាពល្អប៉ុណ្ណោះ។

លោក សេន ប៊ុនថេន ថ្លែងប្រាប់ Post News អម្បាញ់មិញថា ស្ទើរជារៀងរាល់ថ្ងៃ តារាចម្រៀង ហ្សូណូ បានចូលមកហ្វឹកហាត់នៅក្នុងក្លិប Prokout ដែលស្ថិតនៅម្ដុំផ្សារទំនើបអ៊ីអន ដោយក្រៅពីហាត់បច្ចេកទេសការីយ៉ូ ដើម្បីឲ្យមានរាងស្អាត តារាចម្រៀងរូបនេះ ក៏បានហ្វឹកហាត់បច្ចេកទេសប្រដាល់ដោយធ្វើជាកូនសិស្សរបស់ខ្លួនផងដែរ។ លោកថា ក្រៅពីលោក ហ្សូណូ តារាផ្សេងទៀតដូចជា មាស សុខសោភា ជាដើម ក៏បានមកហ្វឹកហាត់នៅក្នុងក្លិបនេះផងដែរ ដោយគ្រាន់តែនាងមិនបានហ្វឹកហាត់ពីបច្ចេកទេសប្រដាល់ដូចគ្នានឹងបុរសៗតែប៉ុណ្ណោះ។

លោក សេន ប៊ុនថេន បានសម្ដែងការចាប់អារម្មណ៍ បន្ទាប់ពីតារាសិល្បៈល្បីឈ្មោះជាពិសេស គឺលោក ហ្សូណូ និង មាស សុខសោភា បានងាកមកចាប់អារម្មណ៍ជាមួយនឹងការហាត់ប្រាណនៅក្នុងក្លិប Prokout ដែលមានចម្រុះទៅដោយការបង្វឹកពីរបៀបប្រដាល់ ដើម្បីឲ្យមានរាងស្អាត និងរស់រវើកដៃជើងនោះផង។ លោកផ្អែកតាមបច្ចេកទេស ដើម្បីឲ្យមានរាងស្អាត និងសុខភាពល្អ គឺលុះត្រាហាត់ប្រាណតាមរបៀបការីយ៉ូ និងប្រដាល់បញ្ចូលគ្នា។ អញ្ចឹងហើយ ទើបគេកត់សម្គាល់ថា លោក ហ្សូណូ កាន់តែមានរូបសង្ហារជាមុន ដែលត្រូវបានទម្លាយថា បណ្ដាលមកពីលោកចំណាយពេលស្ទើររាល់ថ្ងៃ ទៅហ្វឹកហាត់ប្រដាល់ជាមួយលោក សេន ប៊ុនថេន និងគ្រូបង្វឹកផ្សេងទៀត ក្នុងក្លិប Prokout។

តារាចម្រៀង ហ្សូណូ ក៏ត្រូវគេដឹងថា នឹងត្រៀមខ្លួនធ្វើជាគណកម្មការកម្មវិធី X-Factor របស់ហង្សមាសផងដែរ ទើបការបង្វឹកឲ្យរូបរាងស្អាត និងស្វាហាប់ ត្រូវបានតារារូបនេះផ្ដោតការចាប់អារម្មណ៍៕

មតិយោបល់