ព័ត៌មានជាតិ

តុលាការកាត់ទោសបុរសជនជាតិចិនម្នាក់ និងខ្មែរ៣នាក់ រឿងនាំស្ត្រីខ្មែរទៅរៀបការប្តីនៅស្រុកចិន

ភ្នំពេញៈ នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦នេះ លោក កោ វណ្ឌី ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានលើកយកសំណុំរឿង នាំស្ត្រីខ្មែរទៅរៀបការប្តីនៅប្រទេសចិន។

លោកស្រី សុឺ វណ្ណនី តំណាងអយ្យការបានចោទប្រកាន់ជនជាប់ចោទ ជាជនជាតិចិនម្នាក់ និងជនជាតិខ្មែរ៣នាក់ ពីបទនាំចេញដោយមិនស្របច្បាប់ ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦ យោងតាមមាត្រា ១១ នៃច្បាប់ស្តីពី ការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើជួញដូរផ្លូវភេទ។

ជនជាប់ចោទនៃសំណុំរឿងនេះរួមមាន៖

-ទី១ ឈ្មោះ គី ឈាងអាន ភេទប្រុស អាយុ ៦០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ រត់ម៉ូតូឌុប។ ជនជាប់ចោទបាន ឆ្លើយបដិសេធថាខ្លួនមិនបាននាំជនរងគ្រោះ ទៅលក់ឱ្យជនជាតិចិននោះទេ គឺគ្រាន់តែរត់ម៉ូតូឌុបជូនជនរងគ្រោះ ទៅអាកាសយានដ្ឋានតែប៉ុណ្ណោះ។

-ទី២ ឈ្មោះ ស្រី ហួ ភេទស្រី អាយុ ៥៧ឆ្នាំ ជនជាតិខ្មែរ ជាប្រពន្ធរបស់ ជនជាប់ចោទទី១។ ជនជាប់ចោទបាន ឆ្លើយថា ខ្លួនជាអ្នកជូនជនរងគ្រោះ និងសាច់ញាតិទៅស្នាក់នៅផ្ទះសំណាក់ និងទៅហាងបាយ ប៉ុន្តែខ្លួនមិនបានដឹង រឿងរៀបការជនរងគ្រោះទៅប្រទេសចិននោះទេ។

-ទី៣ ឈ្មោះ អុឹម ហៀប ភេទស្រី អាយុ ៦០ឆ្នាំ រស់នៅ ខេត្តតាកែវ។ ជនជាប់ចោទបាន និយាយថា ខ្លួនបានជូនជនរងគ្រោះ មកជួបឈ្មោះ ស្រី ហួ និងឈ្មោះ ផល ដើម្បីរៀបចំឯកសារទៅការប្តីនៅស្រុកចិន ប៉ុន្តែខ្លួនមិនមែន ជាអ្នករៀបចំ និងទាក់ទងផ្ទាល់ទៅជនជាតិចិននោះទេ។

-ទី៤ ឈ្មោះ ឆាវ វូហ័រ ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិ ចិន។ ជនជាប់ចោទបានឆ្លើយថា ខ្លួនបានស្គាល់ឈ្មោះ អាន តាមរយៈមិត្តភក្តិ ខ្លួនក៏ទាក់ទងឱ្យឈ្មោះ អាន រកស្ត្រីខ្មែរដើម្បីទៅរៀបការនៅប្រទេសចិន។ ក្រោយមកឈ្មោះ អាន និងប្រពន្ធ បានស្ត្រីខ្មែរ ៣នាក់ដែលចងលរៀបការ ទៅប្រទេសចិន ទើបខ្លួនបានរៀបចំឱ្យបានទៅនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦ ប៉ុន្តែត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្តងទៅ។

យោងតាមអំអានចម្លើយជនរងគ្រោះ នៅក្នុងសវនាការ ជនរងគ្រោះទាំង៣នាក់ បានបញ្ជាក់ថា ខ្លួនស្គាល់ជនជាប់ចោទឈ្មោះ ហៀប ដែលបានសួរពួកខ្លួនថា មានចង់ទៅការប្តីនៅប្រទេសចិនទេ បើចង់ទៅគាត់ជួយបាន ពេលរៀបការរួចប្តី ចិននោះឱ្យថ្លៃទឹកដោះម្នាក់ ១០០០ដុល្លារ។ ជនជាប់ចោទ បានបន្តថា ដោយចង់ទៅបានប្តីនៅស្រុកចិន ពួកខ្លួនបានឱ្យឈ្មោះ ហៀប ជួយ ពេលនោះឈ្មោះ ហៀបបាននាំមកភ្នំពេញជួបឈ្មោះ អាន និងប្រពន្ធឈ្មោះ ហួ។ ពេលនោះឈ្មោះ ហួ បានឱ្យលុយពួកគេទៅធ្វើលិខិតឆ្លងដែន និងរៀបចំឯកសារទៅប្រទេសចិន។ លុះដល់ព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦ ជនជាប់ចោទទាំង ៤នាក់បានជូនពួកគេទៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីធ្វើដំណើរទៅប្រទេសចិន ប៉ុន្តែត្រូវកម្លាំងសមត្ថកិច្ចឃាត់សួរនាំ រហូតឈានដល់ចាប់ខ្លួនជនជាប់ចោទទាំង៤នាក់តែម្តងទៅ។

សូមបញ្ជាក់ថា សំណុំរឿងនេះលោក កោ វណ្ឌី ប្រធានក្រុមប្រឹក្សាចៅក្រម ជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានលើកពេលទៅប្រកាសសាក្រម នៅថ្ងៃទី៧ ខែកក្កដា ឆនាំ២០១៦ខាងមុខ៕

មតិយោបល់