ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ពាណិជ្ជកម្មគ្រឿងអលង្ការនិងត្បូងថ្មកម្ពុជា នឹងអាចប្រកួតប្រជែងទៅក្នុងទីផ្សារទាំងក្នុងតំបន់ និងសកលនាពេលខាងមុខ

ភ្នំពេញ: លោកស្រី លីម ឈីវហូរ ប្រធានសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងថ្មមានតម្លៃកម្ពុជាបានមានប្រសាន៍នៅក្នុងពិធីបើកសម្ពោធពិព័រណ៍គ្រឿងអលង្ការ និងត្បូងមានតម្លៃអន្តរជាតិកម្ពុជា ថា ក្រុមហ៊ុនមួយរបស់សហរដ្ឋអាមេរិកឈ្មោះ Tiffany & Co បច្ចុប្បន្នកំពុងបើកដំណើររោងកច្រកែច្នៃត្បូងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ បានបង្កើតនូវឱកាសការងារឲ្យកូនខ្មែរយើង និងបានធ្វើឲ្យត្បូងមានតម្លៃរបស់កម្ពុជាកាន់តែទទួលបានការចាប់អារម្មណ៍ពីបរទេស។

ក្រុមហ៊ុនមានទំនាក់ទំនងជាមួយនឹងបណ្តាប្រទេសក្រុមហ៊ុននានាប្រមាណជាង ៧០ក្រុមហ៊ុនទៀតនៅក្នុងវិស័យគ្រឿងអលង្ការ និងត្បូងនេះ ដើម្បីពង្រីកសមាជិកភាព និងទំហំទីផ្សារគ្រឿងអលង្ការ និងត្បូងកម្ពុជាយើងនាពេលអនាគត សមាគមនឹងព្យាយាមចងក្រងក្រុមហ៊ុនទាំងនោះ ឲ្យទៅជាសមាជិករួមគ្នារបស់សមាគម។ ប្រធានសមាគមសង្ឃឹមយ៉ាងមុតមាំថា ពាណិជ្ជកម្មគ្រឿងអលង្ការនិងត្បូងថ្មកម្ពុជានឹងអាចមានលក្ខណៈ គ្រប់គ្រាន់ក្នុងការប្រកួតប្រជែងទៅក្នុងទីផ្សារទាំងក្នុងតំបន់ និងសកលនាពេលខាងមុខ។

លោកស្រីបន្តថា ការចូលរួមចំណែកដល់ការអភិវឌ្ឍវិស័យពាណិជ្ជកម្មគ្រឿងអលង្ការ និងត្បូងមានតម្លៃរបស់កម្ពុជាយើង និងអាចញ៉ាំងឲ្យអតិថិជន គ្រប់មជ្ឈដ្ឋានមានការជឿទុកចិត្តទៅលើគុណភាពនៃផលិតផលកម្ពុជា យើងក៏ផ្តួចផ្តើមគំនិតបង្កើតឡើងនូវ សមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជានេះឡើង។ វត្ថុបំណងដ៏ចំបងរបស់សមាគមគឺចង់ឲ្យមានការចងក្រងនូវគ្រប់ពាណិជ្ជករគ្រឿងអលង្ការ និងត្បូងឲ្យរួមគ្នាជា ធ្លុងមួយ ដើម្បីអាចឲ្យពួកគាត់ងាយចែករំលែកនូវព័ត៌មានគ្នាទៅវិញទៅមក អាចរួមគ្នាបង្កើតទីផ្សារឲ្យកាន់តែទូលំទូលាយថែមទៀត។

លោកស្រីសង្កត់ធន្ង់ថា តាមផែនការរបស់សមាគម នឹងសហការជាមួយស្ថាប័នពាក់ព័ន្ធរៀបចំជាសាលដាក់តាំងបង្ហាញនូវគ្រឿងអលង្ការ និងទី ពិសោធន៍មួយសំរាប់ទទួលវិភាគ និងបញ្ជាក់ពីស្តង់ដាររបស់គ្រឿងអលង្ការ និងត្បូង។ សមាគមក៏នឹងបង្កើតជាវគ្គបណ្តុះបណ្តាល ស្តីពីការពិនិត្យ មើលគុណភាពនៃគ្រឿងអលង្ការជូនដល់ពាណិជ្ជករកម្ពុជាយើង ដើម្បីធ្វើឲ្យពួកគាត់កាន់តែយល់ដឹងអំពីសារៈប្រយោជន៍នៃការលក់ផលិតផល ដែលមានស្តង់ដារគុណភាពនឹងអាចទទួលបានផលចំណេញកាន់តែខ្ពស់។

សូមបញ្ជាក់ថា សមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា បានរៀបចំពិព័រណ៍គ្រឿងអលង្ការ និងត្បូងមានតម្លៃអន្តរជាតិកម្ពុជា ឆ្នាំ២០១៦ ដែលបានប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ ជាលក្ខណៈព្រឹត្តិការណ៍ ពាណិជ្ជកម្មប្រចាំឆ្នាំ កម្រិតអន្តរជាតិ។ ក្នុងឱកាសតាំងពិព័រណ៍នេះ ក៏មានកម្មវិធីបង្ហាញឈុតគ្រឿងអលង្ការរបស់ក្រុមហ៊ុនល្បីៗ ក្នុងនិងក្រៅ ប្រទេស ដោយតារាងបង្ហាញម៉ូតកម្ពុជា៕

មតិយោបល់