កូរ៉េៈ រដ្ឋាភិបាលក្រុងព្យុងយ៉ាង បានព្រមានសហរដ្ឋអាមេរិកថា ការធ្វើសមយុទ្ធយោធាប្រចាំឆ្នាំ ជាមួយកូរ៉េខាងត្បូង ជាល្បែងសង្គ្រាមមួយ ចំពេលមានភាពតានតឹងរវាងកូរ៉េខាងជើង និងក្រុងវ៉ាស៊ីនតោន ដែលហាក់បីដូចជា កំពុងបង្ហូរប្រេងសាំងនៅលើភ្លើង។ នេះបើយោងតាមសារព័ត៌មាន Ajazeera ចេញផ្សាយនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧។
សមយុទ្ធយោធាឈ្មោះថា UFG ដែលចូលរួមពីសំណាក់កងទ័ពអាមេរិក និងកូរ៉េខាងត្បូងរាប់ពាន់នាក់ នឹងត្រូវចាប់ផ្តើមនៅថ្ងៃចន្ទនេះ ដោយកូរ៉េខាងជើងបានចាត់ទុកការធ្វើសមយុទ្ធនេះថា ជាការហាត់សមដ៏ខ្លាំងក្លាមួយ សម្រាប់ការលុកលុយ។
សូមជំរាបថា សង្គ្រាមវោហាសាស្ត្ររវាងប្រជាជាតិទាំងពីរ បានកើនឡើងបន្ទាប់ពីក្រុងព្យុងយ៉ាង បានធ្វើតេស្តមីស៊ីលផ្លោងអន្តរទ្វីបចំនួនពីរលើក (ICBMs) នៅក្នុងខែកក្កដាកន្លងទៅ ដែលនាំឲ្យរដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានខ្លាំងៗថា នឹងចាត់វិធានការក្ដៅៗ ដើម្បីតបតទៅនឹងកូរ៉េខាងជើង ។
កាលថ្លែងយ៉ាងដូច្នេះរបស់លោក ត្រាំ បានធ្វើទ្បើងបន្ទាប់ពីក្រុងព្យុងយ៉ាង បានគំរាមបាញ់គ្រាប់មីស៊ីល ឆ្ពោះទៅមូលដ្ឋានយោធាអាមេរិក នៅកោះហ្គាម ប៉ុន្តែផែនការមួយនេះ ត្រូវបានមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ផ្អាកដំណើរការផងដែរ។
គួរបញ្ជាក់ដែរថា ការព្រមានរបស់ទីក្រុងព្យុងយ៉ាង អាចនឹងបន្តទៅមុខទៀត ឬយ៉ាងណា គេនៅមិនទាន់ដឹងនៅទ្បើយទេ ប៉ុន្តែគឺអាស្រ័យទៅលើការផ្លាស់ប្តូររបស់ក្រុងវ៉ាស៊ីនតោន៕
មតិយោបល់