ព័ត៌មានជាតិ

លោក ស៊ុន ចាន់ថុល អនុញ្ញាតឲ្យក្រុមហ៊ុនជប៉ុនចូលជួបពិភាក្សាការងារ

ភ្នំពេញៈ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានទទួលជួបពិភាក្សាការងារជាមួយលោក Yoshitake Kimata ទីប្រឹក្សាជាន់ខ្ពស់ នៃក្រុមហ៊ុនជប៉ុន ReNet Japan Group, Inc អមដំណើរដោយអតីតអគ្គរដ្ឋទូតជប៉ុន ប្រចាំនៅកម្ពុជា។

ហ្វេសប៊ុកក្រសួងសាធារណការ បានឲ្យដឹងថា លោក Yoshitake Kimata ជម្រាបជូនលោកទេសរដ្ឋមន្រ្តី និងថ្នាក់ដឹកនាំជាន់ខ្ពស់ របស់ក្រសួងសារធារណការ និងដឹកជញ្ជូន អំពីសេវា «ត្រួតពិនិត្យរថយន្តតាមស្តង់ដារជប៉ុន» ក្នុងគោលបំណងដើម្បីពង្រឹងការថែទាំយានយន្ត និងសុវត្ថិភាពចរាចរណ៍។ លោក Kimata ក៏បានជម្រាបជូនលោកទេសរដ្ឋមន្ត្រី ពីសកម្មភាពរបស់ក្រុមហ៊ុនក្នុងការចុះបណ្តុះបណ្តាលជាងជួសជុលយានយន្តនានានៅក្នុងប្រទេសកម្ពុជាផងដែរ។

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានសម្តែងការកោតសរសើរចំពោះលោក Kimata ដែលបានផ្តល់ព័ត៌មាន ទាក់ទងនឹងការផ្តល់សេវាទាំងនេះ ដោយលោកបានជម្រាបថា ក្រសួងកំពុងតែដំណើការនៃការវាយតម្លៃលើក្រុមហ៊ុនជាច្រើន ដែលបានលើកគម្រោងទាក់ទងនឹងប្រព័ន្ធ ចុះបញ្ជីយានយន្ត ត្រួតពិនិត្យបច្ចេកទេសយានយន្ត និងបណ្ណបើកបរយានយន្ត។ លោកទេសរដ្ឋមន្ត្រី ក៏បានជំរុញឲ្យលោក Kimata ចូលរួមចំណែកក្នុងការគម្រោងនេះផងដែរ៕

មតិយោបល់