ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ក្រសួងសេដ្ឋកិច្ច បញ្ជ្រាបការយល់ដឹងអំពីច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម ដល់សមាគមគ្រឹះស្ថានឧត្តមសិក្សា

ភ្នំពេញ: នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦ ក្រុមប្រឹក្សាជាតិគណនេយ្យ, វិទ្យាស្ថានគណនេយ្យករ ជំនាញនិងសវនករកម្ពុជា និងគ្រឹះស្ថានឧត្តមសិក្សា បានសហការគ្នារៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពី គណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ ក្រោមវត្តមានរបស់លោក ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគណនេយ្យ ព្រមទាំងមានការចូលរួមពីលោក ហេង វ៉ានដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា លោក លី ឆេង ប្រធានគណៈប្រតិបត្តិសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា សមាជិក សមាជិកា សមាគមគ្រឹះស្ថានឧត្តមសិក្សាសរុបប្រមាណ ១៥០នាក់ផងដែរ។

នៅក្នុងឱកាសនោះ លោក ងី តាយី មានប្រសាសន៍ថា ក្រុមប្រឹក្សាជាតិគណនេយ្យរៀបចំសិក្ខាសាលានេះឡើង ក្នុងគោលបំណងផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងអំពីច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងគណនេយ្យនិងសវនកម្មនៅកម្ពុជា ដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា សមាគមគ្រឹះស្ថានឧត្តមសិក្សា ដើម្បីឲ្យបានយល់អំពីសារៈប្រយោជន៍ និងកាតព្វកិច្ចនានា ដែលត្រូវអនុវត្តក្នុងនោះរួមមានជាអាទិ៍ កាតព្វកិច្ចកាន់បញ្ជីគណនេយ្យ កាតព្វកិច្ចរៀបចំរបាយការណ៍ហិរញ្ញវត្ថុ កាតព្វកិច្ចដាក់របាយការណ៍ហិរញ្ញវត្ថុឲ្យធ្វើសវនកម្មជាដើម។

លោកបានបន្ថែមទៀតថា នៅពេលដែលក្រុមហ៊ុន សហគ្រាសបានអនុវត្តកាតព្វកិច្ចទាំងនេះបានត្រឹមត្រូវ សហគ្រាសនឹងទទួលបានសារៈប្រយោជន៍យ៉ាងច្រើន រួមមាន តម្លាភាពនៃការគ្រប់គ្រងធនធានហិរញ្ញវត្ថុ ភាពងាយស្រួលក្នុងការទទួលបានឥណទានពីធនាគារ ឬស្ថាប័នហិរញ្ញវត្ថុ ការស្វែងរកដៃគូវិនិយោគពីបរទេស និងបានចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីសម្រេចបានជោគជ័យតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ២០១១-២០២០។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលមានគោលដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន តាមរយៈជំរុញកំណើនសេដ្ឋកិច្ច ធានាបានស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចរឹងមាំ និងការកៀគរចំណូលពន្ធឲ្យកាន់តែប្រសើរប្រកបដោយសមភាព និងតម្លាភាពសម្រាប់យើងទាំងអស់គ្នា៕

IMG_0050 IMG_0054 IMG_0055

មតិយោបល់