ភ្នំពេញៈ ថៅកែក្រុមហ៊ុនសហពាណិជ្ជកម្មពិភពលោក ត្រូវបានសាលាដំបូងខេត្តសៀមរាប សម្រេចដោះលែងឲ្យនៅក្រៅឃុំ ដើម្បីរកប្រាក់សងប្រជាពលរដ្ឋវិញ បន្ទាប់ពីថៅកែរូបនេះ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលឃាត់ខ្លួនកាលពីពេលថ្មីៗនេះ តាមពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋពាក់ព័ន្ធករណីឆបោកប្រាក់រាប់ម៉ឺនដុល្លារ ពីការលួងលោមឲ្យបណ្ដាក់ទុករកស៊ីជាមួយ លុះពេលទទួលបានប្រាក់ បែរជាក្រុមហ៊ុនប្រកាសក្ស័យធន។
អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប លោក រៀម ចន្ទមន្នី ថ្លែងប្រាប់ Post News នៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦នេះថា សំណុំរឿងថៅកែក្រុមហ៊ុនសហពាណិជ្ជកម្មពិភពលោក ហៅកាត់ WBC កំពុងស្ថិតនៅក្នុងចំណាត់ការរបស់ព្រះរាជអាជ្ញារង លោក ជួន សុបញ្ញា ដែលបានសម្រេចដោះលែងវិញ ដោយសំអាងថា ទុករយៈពេល៤ខែ ឲ្យជនសង្ស័យរកប្រាក់សងប្រជាពលរដ្ឋរងគ្រោះវិញ ប៉ុន្តែក្នុងករណីដល់ថ្ងៃកំណត់ហើយ មិនអាចដោះស្រាយសងប្រាក់អស់ទេ ជនសង្ស័យត្រូវចាត់ការតាមច្បាប់។ យ៉ាងណាមិញ លោក រៀម ចន្ទមន្នី មិនបានប្រាប់ពីអត្ដសញ្ញាណ ឬពីដំណើររឿងឲ្យបានលម្អិតនោះឡើយ។
បើតាមមន្ត្រីនគរបាលព្រហ្មទណ្ឌខេត្តសៀមរាប ថ្លែងក្នុងលក្ខខ័ណ្ឌសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ក្រោយទទួលបានពាក្យបណ្ដឹងពីប្រជាពលរដ្ឋរងគ្រោះ សមត្ថកិច្ចជំនាញបានចុះធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនថៅកែក្រុមហ៊ុនខាងលើ ហើយបន្តកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ប៉ុន្តែថៅកែក្រុមហ៊ុនជាជនសង្ស័យ ត្រូវបានតុលាការសម្រេចធ្វើការដោះលែងវិញ។
ពាក់ព័ន្ធករណីនេះ មន្ត្រីនគរបាលដដែលបញ្ជាក់ថា ថៅកែក្រុមហ៊ុននេះ ទទួលបានប្រាក់រាប់ម៉ឺនដុល្លារពីប្រជាពលរដ្ឋដែលលង់ខ្លួនបណ្ដាក់ទុនរកស៊ីជាមួយ បន្ទាប់ពីក្រុមហ៊ុនអះអាងថា ពួកគាត់នឹងទទួលបានប្រាក់ក្នុងចំនួនយ៉ាងខ្ពស់ នៃប្រាក់បណ្ដាក់ទុនក្នុង១ខែៗ ធ្វើប្រជាពលរដ្ឋលង់ជឿស៊ុប ព្រោះតែចង់បានប្រាក់ច្រើន ហើយក៏មានប្រជាពលរដ្ឋជាច្រើននាក់ ទៅដាក់ប្រាក់រកស៊ីជាមួយ ដែលក្រុមហ៊ុនអាចទទួលបានប្រាក់រាប់ម៉ឺនដុល្លារក្នុងមួយថ្ងៃៗ។ ប៉ុន្តែក្រោយទទួលបានប្រាក់ពីប្រជាពលរដ្ឋ ស្រាប់តែក្រុមហ៊ុនប្រកាសថា ក្ស័យធនទៅវិញ លុះប្រជាពលរដ្ឋសួរដេញដោល ភាគីក្រុមហ៊ុនអះអាងថា ក្រុមហ៊ុនក្ស័យធនហើយ បើចង់បានដើមវិញ លុះត្រាតែម្នាក់ៗជួយរកអតិថិជនឲ្យមកដាក់ទុន ស្មើនឹងតម្លៃដើមរបស់ខ្លួន ទើបអាចដកប្រាក់វិញបាន ហើយពួកគាត់ក៏សម្រេចចិត្តដាក់ពាក្យបណ្តឹង រហូតឈានទៅដល់ការចាប់ខ្លួនចៅកែក្រុមហ៊ុនតែម្តង។
គួរជម្រាបថា ក្រុមហ៊ុន សហពាណិជ្ជកម្មពិភពលោក ហៅកាត់ WBC ដែលមានទីតាំងស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ត្រូវបានគេស្គាល់ឈ្មោះ សៃ សេត អាយុ២៧ឆ្នាំ មានទីលំនៅរាជធានីភ្នំពេញ ជាប្រធានក្រុមហ៊ុន។
ជាគោលការណ៍ ក្រុមហ៊ុននេះធ្វើការវិនិយោគលើការទិញលក់រូបិយប័ណ្ណតាមប្រព័ន្ធអ៊ិនធើណេត ជាលក្ខណៈអន្តរជាតិ ហើយបានធ្វើសកម្មភាពឃោសនាឲ្យប្រជាពលរដ្ឋចូលទុនវិនិយោគ ដោយសន្យាថា ទទួលបានការប្រាក់ពី៣% ទៅ៥% នៃប្រាក់ដើមក្នុង១ខែ នៃប្រាក់ទុនរបស់ពួកគាត់។ ក្នុងនោះ ក្រុមហ៊ុននេះ ក៏បានអះអាងថា មានអង្គការចំណុះចំនួន១០ ដែលអាចប្រមូលលុយបានក្នុង១ថ្ងៃ ពី១០ម៉ឺនដុល្លារឡើង ហើយបងប្អូនមិនបាច់បារម្ភទេ។ ប៉ុន្តែចាប់តាំងពីប្រជាពលរដ្ឋដាក់លុយ ខ្លះបាន១% ខ្លះអត់បានសោះ។ នេះជាបញ្ជាក់របស់មន្ត្រីនគរបាលខាងលើ៕
មតិយោបល់