ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

រាជធានី-ខេត្តចំនួន៦ និងកំណាត់ផ្លូវជាតិលេខ៤ ប្រឈមនឹងជំនន់ទឹកភ្លៀង ពេញមួយសប្ដាហ៍

ភ្នំពេញ: រាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ កណ្ដាល តាកែវ កំពត ព្រះសីហនុ និងកំណាត់ផ្លូវជាតិលេខ៤ នឹងប្រឈមជាមួយជំនន់ទឹកភ្លៀង រយ:ពេលពេញមួយសប្ដាហ៍ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦ ដោយសារប្រព័ន្ធសម្ពាធទាបកើតឡើង អូសកាត់ពីលើព្រះរាជាណាចក្រកម្ពុជា។ នេះបើតាមការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦។

ក្រសួងធនធានទឹក បានឲ្យដឹងថា បន្ទាប់ពីធ្វើការតាមដានលើស្ថានភាពអាកាសធាតុរួចមក ឃើញថា នៅថ្ងៃទី២០ ខែមិថុនាស្អែកនេះ នឹងមានប្រព័ន្ធសម្ពាធទាបមួយកើតឡើង ដោយអូសកាត់ពីលើព្រះរាជាណាចក្រកម្ពុជា។ លក្ខណ:បែបនេះ នឹងធ្វើឲ្យធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦ មានភ្លៀងធ្លាក់រាយប៉ាយពីតិចទៅច្រើនទៅតាមតំបន់ ដូចជា តំបន់វាលទំនាប និងតំបន់ខ្ពង់រាប អាចនឹងមានភ្លៀងធ្លាក់រាយប៉ាយច្រើន រីឯតំបន់មាត់សមុទ្រ អាចនឹងមានភ្លៀងធ្លាក់ពីតិចទៅច្រើន ព្រមជាមួយខ្យល់បោកបក់ខ្លាំងផងដែរ។

ក្រសួងក៏បានបញ្ជាក់ដែរថា ការធ្លាក់ភ្លៀងដែលបណ្ដាលមកពីប្រព័ន្ធសម្ពាធទាបនេះ អាចនឹងធ្វើឲ្យបណ្ដារាជធានីខេត្តមួយចំនួន ដូចជា រាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ កណ្ដាល តាកែវ កំពត ព្រះសីហនុ និងកំណាត់ផ្លូវជាតិលេខ៤ ប្រឈមនឹងជំនន់ទឹកភ្លៀង៕

មតិយោបល់