កូរ៉េៈ ទីភ្នាក់ងារយ៉ុនហាប់ នៅថ្ងៃព្រហស្បតិ៍នេះ រាយការណ៍ពីមន្ត្រីយោធា បានឲ្យដឹងថា រ៉ាដា X-band ជាធាតុស្នូលសំខាន់មួយ នៃប្រព័ន្ធប្រឆាំងមីស៊ីលរបស់សហរដ្ឋអាមេរិក (THAAD) នឹងមកដល់ប្រទេសកូរ៉េខាងត្បូង នាពេលឆាប់ៗ ខាងមុខ ។ នេះបើយោងតាមរយៈសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧។
ប្រភពពីមន្ត្រីយោធាកូរ៉េខាងត្បូង សុំមិនផ្ដល់អត្តសញ្ញាណ បាននិយាយថា រ៉ាដា X-band នឹងមិនទាន់មកដល់ ក្នុងប្រទេសនៅថ្ងៃព្រហស្បតិ៍នេះទេ ប៉ុន្តែមន្រ្តីរូបនេះ បានបញ្ជាក់ថា វានឹងត្រូវបញ្ជូនមកដល់កូរ៉េខាងត្បូង ក្នុងពេលឆាប់ខាងមុខ ទៅកាន់មូលដ្ឋានយោធារបស់កងទ័ពអាមេរិក-កូរ៉េ (USFK) ។
ទូរទស្សន៍ក្នុងស្រុក KBS បានចុះផ្សាយកាលពីថ្ងៃពុធថា ប្រព័ន្ធរ៉ាដា AN / TPY-2 នឹងមកដល់នៅមូលដ្ឋានអាកាស Osan ដែលស្ថិចនៅចម្ងាយប្រមាណ ៦០ គីឡូម៉ែត្រ ពីភាគខាងត្បូងនៃទីក្រុងសេអ៊ូល នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។
មន្ត្រីបញ្ជាការកងកម្លាំងរួមគ្នា (CFC) បានប្រាប់ភ្នាក់ងារស៊ីនហួថា របាយការណ៍ថ្មីនេះ មិនទាន់អាចបញ្ជាក់បាននៅទ្បើយ។
ជាផ្លូវការ CFC បានឲ្យដឹងតាមទូរស័ព្ទថា ទោះបីជាធាតុ THAAD ផ្សេងទៀត ក្នុងនោះរួមទាំងប្រព័ន្ធរ៉ាដា X-band មកដល់កូរ៉េខាងត្បូងក៏ដោយ វានឹងមិនត្រូវបានធ្វើឡើងជាសាធារណៈ សម្រាប់ប្រតិបត្តិការសម្ងាត់នោះទេ៕
មតិយោបល់