ភ្នំពេញៈ ក្រោយពីព័ត៌មានបឋមបានប្រាប់ថា ស្រ្តីម្នាក់ដែលគេចាក់សម្លាប់ជាជនជាតិចិននោះ ពេលនេះសមត្ថកិច្ចបានបញ្ជាក់ជាផ្លូវការហើយ គឺស្រ្តីរងគ្រោះជាជនជាតិខ្មែរ មានមុខងារជាមន្រ្តីយោធាពាក់ស័ក្តិ៣ នៅក្រសួងការពារជាតិ។
ករណីចាក់សម្លាប់យ៉ាងសាហាវទាំងព្រឹកនេះ បានកើតឡើងនៅវេលាម៉ោង១០ព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ តាមបណ្ដោយផ្លូវខាងជើងឆៀងខាងលិចផ្សារដេប៉ូ ផ្លូវ២១៩ កែង ផ្លូវ១៥៦ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ បណ្តាលឲ្យស្ត្រីជនជាតិខ្មែរម្នាក់ បានស្លាប់ភ្លាមៗនៅហ្នឹងកន្លែង ដោយរងការចាក់ និងកាំបិតចុងស្រួចជាច្រើន បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច និងប្រជាពលរដ្ឋចោមរោមមើល និងឆ្ងល់មិនដឹងមានរឿងហេតុអ្វីបានដល់ថ្នាក់ហ្នឹង។
សមត្ថកិច្ចបានប្រាប់ថា ស្ត្រីរងគ្រោះឈ្មោះ លី ដាវី ភេទស្រី អាយុ៣៦ឆ្នាំ មុខងារជាមន្ត្រីយោធាស័ក្កិ៣ នៅក្រសួងការពារជាតិ ស្រុកកំណើត ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បច្ចុប្បន្នស្នាក់នៅផ្ទះលេខ៣២បេ ក្រុ១២ ផ្លូវ១៦២ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពពីកន្លែងកើតហេតុបានប្រាប់ថា គេឃើញស្ត្រីជនជាតិខ្មែរម្នាក់ដើរសំដៅទៅផ្សារដេប៉ូមកដល់ចំណុចកើតហេតុស្រាប់តែមានបុរសម្នាក់ជិះម៉ូតូម៉ាកឃ្លីច ពណ៌ឈាមជ្រូក និងមិនចាំស្លាកលេខ បានមកដកកាំបិតចុងស្រួចចិតបន្លែចាក់មកលើស្ត្រីរងគ្រោះជាច្រើនកាំបិតបណ្តាលឲ្យស្លាប់ភ្លាមៗតែម្តង។ បន្ទាប់ពីធ្វើសកម្មភាពចាក់សម្លាប់រួចហើយជនបង្កដែលជាជនជាតិខ្មែរវ័យប្រហែល៣៣ឆ្នាំក៏ជិះម៉ូតូគេចខ្លួនបាត់តែម្តង។
ក្រោយកើតហេតុបន្តិចក៏មាននរគបាលប៉ុស្តិ៍ និងនរគបាលព្រហ្មទណ្ឌនៃអធិការដ្ឋាននរគបាលខណ្ឌទួលគោកចុះមកត្រួតពិនិត្យនិងស្រាវជ្រាវតាមរកដើមចមនិងជនបង្ក ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
បច្ចុប្បន្នសពស្ត្រីរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់