ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ប៉ាណូក្រុមហ៊ុន MMCL បាក់រលំសង្កត់លើម៉ូតូ និងមនុស្សពីរនាក់ បណ្ដាលឲ្យរងរបួស

ភ្នំពេញ: ខណ:មេឃកំពុងភ្លៀងធ្លាក់ខ្លាំង លាយឡំជាមួយខ្យល់បក់កន្ត្រាក់ផងនោះ ផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុន MMCL បានបាក់រលំសង្កត់លើបុរសពីរនាក់ បណ្ដាលឲ្យរងរបួស និងរងការខូចខាតម៉ូតូមួយគ្រឿង កាលពីវេលាម៉ោង២៖៥០នាទី រសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦នេះ។

មន្ត្រីនគរបាលប៉ុស្ដិ៍ចតុមុខ ប្រាប់ Post News មុននេះបន្តិចថា នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង២៖៥០នាទីរសៀល ត្រង់ចំណុចមុខប៉ុស្តិ៍ចតុមុខ ផ្លូវសុរ៉ាម្រិត ភូមិ២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ មានគ្រោះថ្នាក់ដោយប៉ាន់់ណូបាក់រលំមកលើផ្លូវ ធ្វើឲ្យរបួសអ្នកដំណើរពីរនាក់ ម្នាក់របួសធ្ងន់ ឈ្មោះ កុល លក្ខិណា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបបរចុងភៅនៅកោះពេជ្រ ស្នាក់នៅភ្ទះជួល សង្កាត់ទួលសង្កែ ខណ្ឌឫស្សកែវ និងម្នាក់ទៀត ចែត ធួន ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរបើករថយន្ត ស្នាក់នៅផ្ទះ២៥ស្ទួន ផ្លូវលំ ក្រុម២ ភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រងរបួសស្រាល។

បច្ចុប្បន្នជនរងគ្រោះទាំងពីរ ត្រូវបានសមត្ថកិច្ចបញ្ចូនទៅមណ្ឌលសុខភាពខណ្ឌដូនពេញ ដើម្បីធ្វើការសង្គ្រោះអាយុជីវិត។

សូមបញ្ជាក់ថា ជាមួយនឹងការធ្លាក់ភ្លៀង និងខ្យល់កន្ត្រាក់យ៉ាងខ្លាំងផងនោះ ដើមឈើជាច្រើនដើម នៅលើសួនច្បារនាគបាញ់ទឹក ខាងកើតវិមានឯករាជ្យ ក៏ត្រូវបានដួលរលំ៕

មតិយោបល់