ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបានអះអាងថា ដើម្បីរក្សាការពារព្រៃឈើ ដែលនៅសល់ឲ្យបានគង់វង់ធានាដល់ការការពារធនធានធម្មជាតិ និងជីវចម្រុះនោះ ជំហានទី១ត្រូវមើលដីសម្បទានសេដ្ឋកិច្ច ដែលរដ្ឋបានប្រគល់ឲ្យក្រុមហ៊ុន ក្នុងគោលដៅអភិវឌ្ឍន៍ដីទាំងនោះជាកសិ-ឧស្សាហកម្មជាមុនសិន។
លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថានថ្លែងនៅក្នុងសិក្ខាសាលាបណ្តុះបណ្តាស្តីពីការប្រែប្រួលអាកាសធាតុដល់យុវជននៅថ្ងៃទី២៧ ខែមិថុនានេះថា ការអនុវត្តកន្លងទៅនេះនៅមានបញ្ហាខ្លះៗ ដែលទាមទារឲ្យយើងបង្កើតគណៈកម្មការ ដើម្បីត្រួតពិនិត្យដីសម្បទានទាំងអស់ គណៈកម្មការនេះក៏បានរកឃើញដី ដែលមិនបានអនុវត្តតាមគោលការណ៍វិនិយោគរបស់រាជរដ្ឋាភិបាលឲ្យយើងបានលុបចេញ។ តាមរយៈការលុបនេះក៏បានដោះស្រាយនូវបញ្ហាជម្លោះដីធ្លីបានជាច្រើន ហើយនឹងបន្តនិតិវិធីនេះតទៅទៀត តែយ៉ាងណាក៏ត្រូវការពេលវេលាមួយតាមរយៈការចុះបញ្ជីដីរដ្ឋ ហើយគ្រប់ ឧស្យាន ដែនជម្រកសត្វព្រៃ ត្រូវបានចុះបញ្ជីដីរដ្ឋ។ ក្រៅពីនេះសម្រាប់ការជួលដីក៏ត្រូវបានទំលាក់មកនៅត្រឹម៥០ឆ្នាំផងដែរ ដើម្បីទុកឱកាសឲ្យខ្លួនឯង ក្នុងការស្វែងរកជំរើសផ្សេងសម្រាប់ធានាដល់សន្តិសុខស្បៀង”។
លោកទទួលស្គាល់ថា បច្ចុប្បន្ននៅតែមានអ្នកលួចកាប់ព្រៃឈើតែវាមានតិចតួច ចំពោះទ្រង់ទ្រាយធំដែលបានឃើញពីពេលមុនៗមកគឺបានបញ្ចប់ទាំងស្រុងហើយ។ ការលួចកាប់ព្រៃឈើបន្តិចបន្តួចនេះគឺធ្វើឡើងដើម្បីផ្គត់ផ្គង់ទីផ្សារនៅក្នុងស្រុក ផ្គត់ផ្គង់ជីវភាព ព្រោះគ្មានជំរើស តែយ៉ាងណាក៏នឹងបន្តវិធានការទប់ស្កាត់បញ្ហានេះ ឲ្យនៅទាបបំផុតឬអាចឈានទៅបញ្ចប់ទាំងស្រុងតាមរយៈការកសាងសេដ្ឋកិច្ចទៅមុខទៀត អាស្រ័យលើការរក្សាបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយ ដើម្បីឲ្យសេដ្ឋកិច្ចនេះកសាងផែនការ ជម្រើសផ្សេងៗសម្រាប់ប្រជាពលរដ្ឋក្រៅពីការកាប់ឈើ៕
មតិយោបល់